ភ្នំពេញ: ករណីបុរសវ័យ៥៥ឆ្នាំម្នាក់ មានជំងឺប្រចាំកាយផងនោះ ត្រឡប់ពីផ្ទះបងប្រុសនៅឯខេត្តស្ទឹងត្រែងវិញ បំណងទៅខេត្តព្រៃវែង តែមិនទាន់ដល់ផង ចុះពីលើរថយន្តដេកលើសួន កាលពីយប់ព្រឹកឡើងស្រាប់តែស្លាប់បាត់បង់ជីវិត បង្កការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង០៩ព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចសួនច្បារ ទល់មុខស្ថានទូតបារាំង តាមបណ្តោយផ្លូវ៧៦ ក្នុងភូមិ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សពជនរងគ្រោះឈ្មោះ ម៉ាន់ ណៃ ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិរមាសគ ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
តាមប្រភពព័ត៌មានពី សាច់ញាតិជនរងគ្រោះ ឱ្យដឹងថា ជនរងគ្រោះមានជំងឺប្រចាំកាយទឹកនោមផ្អែម លើសឈាម និងតម្រងនោមផងដែរ ហើយកាលពីចុងខែសីហា ឆ្នាំ២០២១ ជនរងគ្រោះបានចេញពីផ្ទះរបស់ខ្លួន ក្នុងខេត្តព្រៃវែង ដើម្បីទៅលេងបងប្រុស ក្នុងខេត្តស្ទឹងត្រែង ហើយបានត្រឡប់មកពីខេត្តស្ទឹងត្រែង នៅម៉ោង០៤ល្ងាចថ្ងៃទីោ៨ ខែកញ្ញា ឆ្នាំ២០២១ ។
ប្រភពបន្តថា ក្រោយមកបានដាច់ទំនាក់ទំនង ស្រាប់តែនៅវេលាម៉ោង០៩ព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២១នេះ ខ្លួនបានទទួលដំណឹង តាមទូរស័ព្ទខលមកប្រាប់ថា ជនរងគ្រោះបានស្លាប់ នៅលើសួនច្បារបាត់ហើយ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសរងគ្រោះវ័យ ចំណាស់ខាងលើ ឱ្យដឹងថា បានត្រឡប់មកពីខេត្តស្ទឹងត្រែង យប់ជ្រៅ ចុះពីឡានមកអស់កម្លាំងពេក ក៏ដេកលើសួនច្បាររហូតដល់ព្រឹក ក៏ប្រទះឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ ។សាកសពជនរងគ្រោះ បន្ទាប់ពីសមត្ថកិច្ចពិនិត្យរួចរាល់ បានប្រគល់ឱ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕