តូក្យូ៖ រដ្ឋាភិបាលជប៉ុនគ្រោងនឹងបន្តអនុវត្តវិធានការគ្រាអាសន្នដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩នៅក្នុងទីក្រុងតូក្យូនិងផ្នែកជាច្រើនទៀតក្នុងប្រទេសនេះរយៈពេលជាង២សប្តាហ៍បន្ថែមទៀតបន្ទាប់ពីថ្ងៃទី១២ ខែកញ្ញា ខណៈដែលការឆ្លងរាលដាលនៃវីរុសកូវីដ-១៩បំប្លែងថ្មី Delta កំពុងបន្តដាក់សម្ពាធទៅលើប្រព័ន្ធសុខាភិបាល។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក យ៉ាស៊ូតូស៊ិ នីស៊ីមូរ៉ា (Yasutoshi Nishimura) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលកំពុងស្វែងរកការបន្តអនុវត្តវិធានការគ្រាអាសន្ននៅក្នុងទីក្រុងតូក្យូ, អូសាកា (Osaka) និងខេត្តចំនួន១៧ទៀតរហូតដល់ថ្ងៃទី៣០ ខែកញ្ញា។
លោកនាយករដ្ឋមន្ត្រី យូស៊ីហីដិ ស៊ូហ្គា (Yoshihide Suga) គ្រោងនឹងប្រកាសជាផ្លូវការអំពីការសម្រេចបន្តវិធានការនោះនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះ។លោក នីស៊ីមូរ៉ា (Nishimura) បាននិយាយថា «ប្រសិនបើករណីឆ្លងថ្មីបន្តធ្លាក់ចុះដូចក្នុងអត្រាបច្ចុប្បន្ននេះ ហើយយើងពង្រឹងប្រព័ន្ធសុខាភិបាល នោះភាពតានតឹងត្រូវបានគេរំពឹងថានឹងថមថយនៅត្រឹមចុងខែនេះ» ។
ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា រដ្ឋាភិបាលក៏មានគម្រោងបើកសេដ្ឋកិច្ចឡើងវិញជាបណ្តើរៗផងដែរដោយប្រើប្រាស់ប័ណ្ណចាក់វ៉ាក់សាំងដោយសូម្បីតែនៅតំបន់ដែលស្ថិតក្រោមវិធានការគ្រាអាសន្ន។
វិធានការគ្រាអាសន្ននៅជប៉ុនមិនសូវមានប្រសិទ្ធភាពឡើយ ខណៈដែលរង្គសាលនិងភោជនីយដ្ឋានជាច្រើនមិនអើពើនឹងការណែនាំឲ្យបិទទ្វារមុនម៉ោងកំណត់ និងឈប់លក់គ្រឿងស្រវឹងឡើយ បើទោះបីជាមានការគំរាមផាកពិន័យយ៉ាងណាក៏ដោយ។
ជប៉ុនមានភាពយឺតយ៉ាវក្នុងការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប៉ុន្តែបច្ចុប្បន្នគេកំពុងបង្កើនល្បឿនដោយមកទល់ពេលនេះ៤៨%នៃពលរដ្ឋជប៉ុនសរុបបានចាក់វ៉ាក់សាំងពេញលេញ។ នេះបើធៀបទៅនឹងតួលេខ៥៣.៨%នៅក្នុងសហរដ្ឋអាមេរិកដែលបានចាប់ផ្តើមយុទ្ធនាការមុនជប៉ុនជាច្រើនខែ។
គិតត្រឹមថ្ងៃពុធជប៉ុនមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបជាង១.៥លាននាក់ក្នុងនោះមានអ្នកបាត់បង់ជីវិតសរុបចំនួន១៦,៤៣៦នាក់៕