យោងតាមអង្គការយូនីសេហ្វបានបញ្ជាក់ថា មានគ្រួសារជាច្រើន មានទាំងកុមារដែលត្រូវបានភៀសខ្លួនផ្លាស់ទីលំនៅ ដោយបានបង្ហាញថាពួកគេកំពុងស៊ូទ្រាំ នឹងស្ថានភាពរស់នៅដ៏គួរឱ្យរន្ធត់នៅពេលពួកគេរស់នៅក្នុងតង់ដោយគ្មានសូម្បីតែអាហារ ឬទឹក ទៅបាច់និយយាទៅដល់សាលារៀនសម្រាប់កុមារនោះទេ។ ក្នុងនោះពួកគេទាមទារចង់ឱ្យមានការវិលត្រលប់ទៅផ្ទះវិញ ជាមួយនិងការផ្តល់ស្បៀងអាហារដល់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន A24 ។
ជនភៀសខ្លួនអាហ្វហ្គានីស្ថានទាំងនោះបាននិយាយថា យើងបានភៀសខ្លួនរត់គេចពីសង្គ្រាមមកទីនេះ។ ជាអកុសលយើងមិនមានអាហារនិងសំលៀកបំពាក់ទេ។ ដូច្នេះខ្ញុំត្រូវការជំនួយពីគ្រប់គ្នា ដើម្បីត្រលប់ទៅស្រុកកំណើតខ្ញុំវិញ។ កូន ៗពួកខ្ញុំឈឺហើយ ដោយសារអាកាសធាតុត្រជាក់ ពួកយើងដេកក្នុងតង់ដោយមិនមានភួយ និងសំលៀកបំពាក់ យើងខ្លាចស្លាប់ តែពួកយើងអាចស្លាប់គ្រប់ពេលនៅទីនេះ ។ សូមអង្វរ សូមផ្តល់អាហារខ្លះ ឬយ៉ាងហោចណាស់ផ្តល់ឱ្យយើងនូវឱកាសរស់ណាមួយ។
រដ្ឋាភិបាលគួរតែផ្តល់ការទទួលខុសត្រូវ និងផ្តល់ឱកាសរស់ដល់ប្រជាជន។ យើងសូមអង្វរដល់អង្គការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ និង UNHCER ជួយយើងផង។ យើងកំពុងរស់នៅក្នុងស្ថានភាពដ៏អាក្រក់ដោយគ្មានភួយ សម្លៀកបំពាក់ និងអាហារ។ តើអង្គការសិទ្ធិមនុស្ស និងអង្គការសហប្រជាជាតិនៅឯណា? យើងបានមកដល់ទីនេះ និងបានរស់នៅទីនេះយូរថ្ងៃមកហើយ នៅទីនេះគ្មានអ្វីគ្រប់យ៉ាង៕