គម្រោងផ្លូវដែកដ៏ធំមួយរវាងប្រទេសឡាវ និងប្រទេសចិន ដែលនឹងត្រូវសម្ពោធដំណើរនៅថ្ងៃទី ២ ខែធ្នូឆ្នាំ ២០២១ខាងមុខនេះ គឺតំណាងឱ្យកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលឡាវ និងចិន ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរដើម្បីដោះស្រាយបញ្ហាការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញនាំចេញបានលឿន និងប្រសើរជាងមុន។ នេះបើយោងតាមការ
ចេញផ្សាយដោយសារព័ត៌មាន A24។
បើតាមលោក លោក ខឹមខាំផង់ សាវ៉ាត ប្រធានសម្របសម្រួលផ្លូវដែកឡាវ- ចិននៅហ្លួងព្រះបាងប្រទេសឡាវ បានបញ្ជាក់ថា ផ្លូវនេះមានបញ្ហាប្រឈមក្នុងការសាងសង់ជាច្រើនដូចជា ភូមិសាស្ត្រភ្នំ និងការដឹកជញ្ជូនពលករ ក៏ដូចជាសម្ភារៈជាដើម ក្នុងនោះភាសានិយាយក៏ជាបញ្ហាប្រឈមដ៏ធំដែលធ្វើឱ្យយឺតយ៉ាវនៃការបញ្ចប់នៃគម្រោងផងដែរ។
ប្រធានសម្របសម្រួលផ្លូវដែកឡាវ- ចិនបានបន្តថា ការស្ថាបនាផ្លូវដែកឡាវ-ចិនបានចាប់ផ្តើមតាំងពីថ្ងៃទី ២៥ ខែធ្នូឆ្នាំ ២០១៦ មកម៉្លេះ ដោយមកដល់ពេលនេះ ហេដ្ឋារចនាសម្ព័ន្ធទាំងអស់សម្រាប់ផ្លូវដែកគឺសម្រេចបាន ៩៩,៩% ហើយវានិងត្រូវបញ្ចប់នៅចុងឆ្នាំ ២០២១នេះ ។
ដោយកិច្ចសហប្រតិបត្តិការផ្លូវដែកឡាវ- ចិននេះគឺជាកិច្ចព្រមព្រៀងនៃរដ្ឋាភិបាលទាំងពីរដើម្បីលើកកម្ពស់សេដ្ឋកិច្ចសម្រាប់ឡាវ-ចិនផងដែរ ។ ដោយសព្វថ្ងៃប្រជាជនឡាវកំពុងជួបបញ្ហាជាមួយការដឹកជញ្ជូន និងការនាំចេញទំនិញ។ ដូច្នេះផ្លូវដែកនេះអាចជួយឱ្យសេដ្ឋកិច្ចឡាវលូតលាស់លឿនបន្ទាប់ពីផ្លូវដែកត្រូវបានបញ្ចប់។ ជាងនេះទៅទៀតផ្លូវដែកនេះនឹងជួយប្រជាពលរដ្ឋទាំងពីរក្នុងការធ្វើដំណើរទៅមកកាន់តែងាយស្រួល និងប្រសើរជាងមុន។ យោងតាមផែនការផ្លូវដែកឡាវ-ចិនមួយនេះវានឹងបើកដំណើរការជាផ្លូវការនៅថ្ងៃទី ២ ខែធ្នូឆ្នាំ ២០២១ខាងមុខនេះ ។