ព្រះវិហារ៖ អំណោយសប្បុរសធម៌ របស់អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ នៅព្រឹកថ្ងៃអាទិត្យ ទី០៥ ខែកញ្ញា ឆ្នាំ២០២១ នេះ ត្រូវបានលោក ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ នាំយកទៅជួយឧបត្ថម្ភ ដល់អាជ្ញាធរស្រុក ចំនួនពីរ ក្នុងខេត្តឧត្តមានជ័យ។ ក្នុងពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ លោកវរសេនីយ៍ឯក ជា ឈុន មេបញ្ជាការរង នាយសេនាធិការកងពលតូចអន្តរាគមន៍លេខ៨ និងលោកមេបញ្ជាការ លោកមេបញ្ជាការរង នៃវរសេនាតូចទាំងប្រាំចំណុះ ឲ្យអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ទាំងមូល។
ថ្លែងនៅក្នុងឱកាសផ្តល់អំណោយសប្បុរសធម៌ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន សូមធ្វើការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ ទាំងនៅក្នុងទីបញ្ជាការ ក៏ដូចជានៅតាមបណ្តាវរសេនាតូចទាំងប្រាំចំណុះ ដែលបានចូលរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈថ្នាក់ដឹកនាំមូលដ្ឋាន សម្រាប់ប្រើប្រាស់ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតនៅទូទាំងខេត្តឧត្តមានជ័យ។
លោកមេបញ្ជាការ បានថ្លែងទៀតថា ការចូលរួមបរិច្ចាគថវិកា ព្រមជាមួយនឹងគ្រឿងឧបភោគបរិភោគ របស់សប្បុរសធម៌ បានបង្ហាញឲ្យឃើញពីការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាមួយរដ្ឋបាលខេត្ត ក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ដែលកំពុងតែឆ្លងរាលដាល។
សូមបញ្ជាក់ថា អំណោយដែលយកទៅជួយឧបត្ថម្ភដល់រដ្ឋបាលស្រុកទាំងពីរនាពេលនោះ រួមមាន៖ អង្ករ, មី,ត្រីខ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា ចំនួន ២លានរៀលផងដែរ។