(បាត់ដំបង)៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ពោង ឈួនខាន់ដា ជំនួយការមេបញ្ជាការកងទ័ពជើងគោក បាននាំយកនូវទេយ្យវត្ថុជាអង្ករ ចំនួន ២ តោន និងបច្ច័យចំនួន ៥ លានរៀល ដែលជាទានសប្បុរសប្រកបដោយសទ្ធាជ្រះថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងក្រុមគ្រួសារ ទៅប្រគេនចំពោះព្រះសង្ឃ ដែលកំពុងគង់ចាំព្រះវស្សា នៅក្នុងវត្តឧត្តមត្រៃសិក្ខារាម ហៅវត្តកំប្រង់ នៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
ព្រះព្រហ្មជោតិ សែម សុមុនី ព្រះសមុហ៍អនុគណស្រុកកំរៀង និងជាព្រះគ្រូចៅអធិការវត្តឧត្តមត្រៃសិក្ខារាម ហៅវត្តកំប្រង់ តាងនាមឱ្យព្រះសង្ឃគ្រប់ព្រះអង្គ និងគណៈកម្មការអាចារ្យវត្ត បានសម្ដែងនូវអំណរគុណចំពោះកាយវិការសប្បុរស និងទឹកចិត្តសទ្ធាជ្រះថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងក្រុមគ្រួសារ ដែលបានគិតគូរយកចិត្តទុកដាក់ជួយជ្រោមជ្រែងដោះស្រាយការលំបាករបស់ព្រះសង្ឃក្នុងវត្តកំប្រង់ ដែលកំពុងគង់ចាំព្រះវស្សា និងជួបប្រទះនូវការខ្វះខាតមួយចំនួនក្នុងកាលៈទេសៈនៃការរាតត្បាត កូវីដ-១៩៕