ព្រះសីហនុ៖ លោក ឧត្តម សេនីយ៍ ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា៖ មុខ សញ្ញា បំផ្ទុះ អាវុធ កាលពីថ្ងៃទី២៧ ខែ សីហា ឆ្នាំ ២០២១ កន្លង ទៅ នេះ ត្រូវ សមត្ថកិច្ច បង្ក្រាប បាន ទាំង ស្រុង ហើយ ជា ជនជាតិ ចិន ។
ករណី បំផ្ទុះ អាវុធ នេះ បាន កើតឡើង កាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៥និង ៣០នាទី ទៀបភ្លឺ នៅចំណុចសណ្ឋាគារស៊ីងហាវអ៊ីងហួយ ស្ថិតនៅ ភូមិ៤ សង្កាត់លេខ ៤ ក្រុង-ខេត្តព្រះសីហនុ ជន សង្ស័យ បាន បាញ់ ចំនួន២គ្រាប់ ហើយក៏ បាន គេច ខ្លួន បាត់ ទៅ។
តាម ព័ត៌មាន នៅ កន្លែង កើតហេតុ បាន ឲ្យ ដឹង ថា៖ នៅ វេលា ម៉ោង ដូច ខាង លើ មាន ជនជាតិចិន ម្នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ បានហូតកាំភ្លើងខ្លី១ដើម ពីចង្កេះរួចបាញ់ទៅលើទ្វារកញ្ចក់ របស់សណ្ឋាគារ ស៊ីងហាវអ៊ីងហួយ ចំនួន ២គ្រាប់ បណ្តាលឲ្យបែកកញ្ចក់អស់មួយផ្ទាំង រួចគេចខ្លួនបាត់ តែម្តង ។ បន្ទាប់ពីទទួលបានពត៌មាននេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២២និង០០នាទី ទើបធ្វើស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យ បាន ព្រមទាំងដកហូតបាន អាវុធ ខ្លី ១ដើម ។
ខូចខាត៖ ទ្វារកញ្ចក់ ១ផ្ទាំង ។
-ជនសង្ស័យឈ្មោះ GU SAN QIANG ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរ ប្តូរប្រាក់ លិខិតឆ្លងដែនលេខៈ E46927678 ស្នាក់នៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
វត្ថុតាងចាប់យកបាន មាន ៖ អាវុធ ខ្លី១ដើម ម៉ាក SIG SAUER P365 ពណ៌ខ្មៅ មានលេខសម្គាល់ៈ 66B087323 និង បង់ ១ មានគ្រាប់ចំនួន ៨គ្រាប់ (ប្រភេទ ៩mm) ។
ករណី នេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងតាម នីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ។