ព្រះសីហនុ៖ ជនសង្ស័យ ៣នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវចាប់ខ្លួនបាន នៅថ្ងៃទី២៩ ខែសីហា ក្រោយមានពាក្យបណ្តឹងពីករណីលួចទូរដែក ដែលមានលុយជាង ១១ម៉ឺនដុល្លារ។
យោងតាមរបាយការណ៍ពីនគរបាល បានឱ្យដឹងថា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១២ និង៣០នាទី មានបុរសជនជាតិចិនម្នាក់ បានមកដាក់ពាក្យបណ្តឹងថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៣និង០០នាទី ទៀបភ្លឺ មានចោរ បានលួចចូលទៅក្នុងបន្ទប់លេខ 8720 នៃកាស៊ីណូ ឆាងឆឹង ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ហើយធ្វើសកម្មភាពលួចទូរដែក០១គ្រឿង គេចខ្លួនបាត់ ដោយនៅក្នុងទូរដែកនោះ មានលុយ ១១០,០០០$ (ដប់មួយម៉ឺនដុល្លារអាមេរិក) និងនាឡិការដៃ ០១គ្រឿង។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួន ដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ៕