កាប៊ុល៖ ការវាយប្រហារបំផ្ទះគ្រាប់បែកអត្តឃាត នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុល កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ពេលនេះចំនួនអ្នកស្លាប់នៅក្នុងបានកើនដល់ ១៨២នាក់ហើយ ក្នុងនោះ ១៣នាក់គឺជាទាហានសហរដ្ឋអាមេរិក ។ នេះបើតាមសារព័ត៌មាន Independent ដែលបានចេញផ្សាយនៅទី២៨ ខែសីហា ឆ្នាំ២០២១ ។
ក្រោយពីហេតុការណ៍នេះបានកើតឡើងក្រុម ISIS នៅក្នុងប្រទេសអាហ្វហ្កានីស្ថានបានអះអាងថា ការវាយប្រហារនៅឯអាកាសយានដ្ឋានអន្តរជាតិ ហាមីដ កាហ្សៃ (Hamid Kazai) ខាងលើនេះ គឺជាស្នាដៃរបស់ក្រុមខ្លួន ខណៈក្រុមមន្ត្រីអាមេរិកព្រមានថា ការវាយប្រហារភេរវកម្មអាចនឹងកើតឡើងជាថ្មីម្ដងទៀត។ ស្ថានទូតអាមេរិកប្រចាំទីក្រុងកាប៊ុល ប្រទេសអាហ្វហ្កានីស្ថានបានព្រមានសាជាថ្មី ឱ្យពលរដ្ឋអាមេរិកទាំងអស់ ដែលកំពុងស្ថិតនៅតាមច្រកចូលអាកាសយានដ្ឋាន ត្រូវចាកចេញជាបន្ទាន់ ដោយសារតែបារម្ភពីការវាយប្រហារភេរវកម្ម។
ជាការឆ្លើយតបទីបញ្ជាការកណ្តាលនៃយោធាអាមេរិកបានប្រកាសថា កងទ័ពអាមេរិកបានបើកការវាយប្រហារ ដោយប្រើប្រាស់យន្តហោះដ្រូនមួយគ្រឿង ប្រឆាំងនឹងសមាជិកក្រុម ISIS នៅក្នុងខេត្ត ណាងហ្គាហា (Nangahar) នៃប្រទេសអាហ្វហ្គានីស្ថាន ព្រោះអាមេរិកជឿជាក់ថា ពួកគេទាំងនេះមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារ ដោយបំផ្ទុះគ្រាប់បែកអត្តឃាត លើអាកាសយានដ្ឋានអន្តរជាតិជាតិទីក្រុងកាប៊ុល កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលបានបណ្តាលឲ្យជនជាតិអាហ្វហ្គានីស្ថាន ១៦៩នាក់ និងទាហានអាមេរិក ១៣នាក់បាត់បង់ជីវិត ។
បើតាមការអះអាងពីលោក វីលៀម អឺប៊ែន (William Urben) អ្នកនាំពាក្យយោធាអាមេរិកបានថ្លែងថា មនុស្សម្នាក់បានបាត់បង់ជីវិតនៅក្នុងការវាយប្រហារ ដោយយន្តហោះដ្រូនខាងលើនេះ ហើយគ្មានជនស៊ីវិលណាម្នាក់រងគ្រោះថ្នាក់នោះឡើយ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់ថា តើមនុស្សម្នាក់ដែលត្រូវបានសម្លាប់ក្នុងខេត្ត Nangahar នោះ ពិតជាជាប់ពាក់ព័ន្ធនឹងការវាយប្រហារ កាលពីថ្ងៃព្រហស្បតិ៍ដែរ ឬមួយក៏យ៉ាងណានោះឡើយ ៕