ខេត្តតាកែវ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរង ផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា ខេត្តតាកែវ និងក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត បានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន ២.០០០០.០០០៛( ពីរលានរៀល) ជូនដល់លោកអនុសេនីយ៍ឯក វង់ វ៉ន មន្ត្រី វរសេនាតូចការពារព្រំដែនគោកលេខ ៦០៣នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ត្រូវជាស្វាមី សព លោកស្រី គង់ វណ្ណា ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដោយជម្ងឺកូវីដ-១៩ (COVID-19) ស្ថិតនៅភូមិជាវប្ដីខាងលិច ឃុំតាអូ ស្រុកគីរីវង់ ខេត្តតាកែវ។
ឆ្លៀតក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី ស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព និងសំដែងនូវការអាឡោះអាល័យ សោកស្តាយ ចំពោះការបាត់បង់ភរិយា និងម្ដាយជាទីស្រឡាញ់ ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជា និងលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា នៃស្នងការដ្ឋាននគរបាលខេត្តតាកែវផងដែរ៕