បាត់ដំបង៖ អ្នកញៀនល្បែងជល់មាន់ចំនួន៨នាក់ នៅស្រុកសង្កែ ត្រូវបាន កម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប កាលពីថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០២១ នៅភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ខណះអ្នកញៀនទាំងនោះកំពុង ពពាក់ពពួនគ្នា លេងល្បែងជល់មាន់ ។
សមត្ថកិច្ចបានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលលើនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០២១ នេះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប បានចុះធ្វើប្រតិបត្តិការ បង្ក្រាបករណីល្បែងស៊ីសង(ភ្នាល់មាន់ជល់)មួយករណី នៅភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដោយបានធ្វើការនាំខ្លួនមនុស្សចំនួន៨នាក់ មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរស្រាវជ្រាវបន្តទៀត ។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការបង្រ្កាបល្បែងប្រជល់មាន់នេះដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន សង្វៀនសម្រាប់ជល់មាន់ចំនួន០១ ,ស៊ុមសម្រាប់ក្រុងមាន់ ចំនួន០២ ,មាន់ជល់ចំនួន០២ ក្បាល និងម៉ូតូចំនួន០៩គ្រឿង ។
លោក នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ក្រោយពេលសាកសួររួចកម្លាំងការិយាល័យជំនាញ បាននឹងកំពុងរៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនអ្នកញៀននឹងល្បែងប្រជល់មាន់ទាំង៨នាក់រួមនឹងវត្ថុតាងទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ៕