អនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដោយតម្រូវឱ្យកងទ័ពដឹកជញ្ជូនប្រជាពលករខែ្មរ ដែលបានត្រឡប់មកពីប្រទេសថៃតាមច្រកទ្វារ ដែលបានកំណត់ យកមកដាក់នៅមណ្ឌលចត្តាឡីស័ក ដែលបានរៀបចំត្រៀមសម្រាប់ដាក់ពលករទាំងនោះនៅតាមបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ មុននឹងដឹកជញ្ជូនបន្តទៅកាន់ខេត្ត ដែលជាគោលដៅ របស់ពួកគេ។
នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នេះរថយន្តដឹកជញ្ជូន របស់កងពលតូចដឹកជញ្ជូនលេខ៩០ បានបន្តដឹកជញ្ជូនប្រជាពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ មកដាក់ក្នុងមណ្ឌលចត្តាឡីស័កចំនួន៣៣៦នាក់ និងបានដឹកជញ្ជូនពលករដែលបានធ្វើចត្តាឡីស័ករួច១៤ថ្ងៃតាមការកំណត់ ទៅកាន់ខេត្តគោលដៅនានាសរុបចំនួន២៧២នាក់។
ដើម្បីបង្កាជៀសវាងពលករទាំងនោះដើរ បែកខ្ញែកដែលនាំទៅចម្លងជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យកងទ័ព ចេញដឹកជញ្ជូនប្រជាពលករខែ្មរទាំងនោះ យកមកធ្វើចត្តាឡីស័ក នៅតាមមណ្ឌលដែលបានរៀបចំរួចគ្រប់១៤ថ្ងៃ មុននឹងដឹកជញ្ជូនបន្តទៅកាន់ខេត្ត ដែលជាគោលដៅ របស់ពួកគេ។ ដោយក្នុងប្រតិបត្តិការដឹកពលករនេះដែរត្រូវបានប្រើប្រាស់ រថយន្តដឹកជញ្ជូនរបស់ កងពលតូចដឹកជញ្ជូនលេខ៩០កងទ័ពជើងគោក និងកងពលតូចដឹកជញ្ជូនលេខ៩៩ អគ្គបញ្ជាការ។
សូមជម្រាបជូនផងដែរថា កងកម្លាំង និងរថយន្តរបស់កងពលតូចដឹកជញ្ជូនលេខ៩០ បានចុះដឹកជញ្ជូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ នេះគឺ នៅក្រោយពេលដែល មានការផ្ទុះ ឆ្លងមេរោគ កូវីដ-១៩ ជាសហគមន៍ នៅប្រទេសថៃ កាលពីចុងឆ្នាំ២០២០ កន្លងទៅ និងបានបន្តហូតមកដល់បច្ចុប្បន្ន៕