ភ្នំពេញ៖ អ្នកឧកញ៉ាចិត្តធម៌ ឡេង ណាវ៉ាត្រា ដែលតែងបានធ្វើសកម្មភាពមនុស្សធម៌ជួយដល់ជនជួបការលំបាក ឬទីទ័លក្រ ហើយលោកតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយការលំបាកនានាៗរបស់ជាតិនោះ នៅពេលនេះបានប្រកាសទិញផ្លែមៀន និងផ្លែតាង៉ែន ពីប្រជាកសិករខ្មែរចំនួន១ពាន់តោន ដើម្បីយកមកដាក់លក់ក្នុង ផ្សារកសិផល ឡេង ណាវ៉ាត់ត្រា របស់លោកក្នុងតម្លៃខាតដើម ។
ក្នុងគណនីហ្វេសប៊ុករបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះថា «ការលំបាករបស់ ប្រជាកសិករ ការលំបាករបស់រាជរដ្ឋាភិបាល ក៏ដូចជាការលំបាករបស់ខ្ញុំ ខ្ញុំមានចំណូលខ្ញុំមានជីវភាពល្អក៏ដោយសារតែប្រជាកសិករនិងរាជរដ្ឋាភិបាល។ ដូច្នេះហើយអ្វីដែលអាចជួយបាន យើងត្រូវតែជួយគ្នា ខ្ញុំសម្រេចជួយទិញមៀនឬតាង៉ែន ចំនួន១,០០០តោន ដាក់ក្នុងផ្សារកសិផលឡេងណាវ៉ាត់ត្រា ដោយលក់ក្នុងតម្លៃខាតដើម។ ខ្ញុំបាទទិញតែពីកសិករ ដាំលក្ខណៈគ្រួសារប៉ុណ្ណោះមិនទិញពីក្រុមហ៊ុន និងកសិដ្ឋានធំៗនោះទេ »។
អ្នកឧកញ៉ាបន្តថា «ខ្ញុំជឿថាពុកម៉ែបងប្អូនទាំងអស់គ្នា សុទ្ធតែមានបំណងចង់ជួយជ្រោមជ្រែងប្រជាកសិករយើងដែលកំពុងជួបប្រទះនូវការលំបាក ដោយសារ covid-19 នេះ ដែលជាវិបត្តិទូទាំងពិភពលោក។បើសិនជាអាចក្នុងឱកាសសែនខាងមុខនេះបងប្អូនទិញផ្លែមៀនផង គ្មានអ្នកណាដែលស្រលាញ់យើង ជាងប្រជាជាតិរបស់យើងទេ ពាក្យថាចង់ជួយ អ្នកណាក៏អាចនិយាយបាន មានតែអំពើនៃការជួយទេទើបជាការជួយពិតប្រាកដមួយគ្រួសារជួយទិញ ៥គីឡូមិនច្រើននោះទេ ដោយខ្ញុំលក់ចេញតែ ១,៩០០រៀលក្នុងមួយគីឡូប៉ុណ្ណោះ» ៕