ស្រុកអង្គស្នួល៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកអង្គស្នួលធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីហិង្សាដោយចេតនា។កាលពីវេលាម៉ោង១៩ និង ២០នាទីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ភូមិទួលខ្លុង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះ លី សំអុល ភេទប្រុសអាយុ៤០ឆ្នាំ មុខរបរជាងដែក នៅភូមិទួលខ្លុង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យ ៖ឃាត់ខ្លួនថ្ងៃទី១៨.០៨.២០២១)
ឈ្មោះ អួន រដ្ឋា ហៅថា ភេទប្រុសអាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅភូមិខ្នា ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ផល់ប៉ះពាល់មាន៖ ជនរងគ្រោះត្រូវជនសង្ស័យកាប់ចំនួន០២កាំបិតមានរបួសធ្ងន់ត្រង់កញ្ចឹងកខាងក្រោយ ដេរចំនួន ១៥០ថ្នេរ (បច្ចុប្បន្នកំពុងសម្រាកនៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ)។
វត្ថុតាងចាប់យក៖
-កាំបិតប៉័ងតោដងឈើចំនួន០១ ។
-ម៉ូតូម៉ាកយ៉ាម៉ាហាហ្វ្រេស(ចាស់)ចំនួន០១គ្រឿង គ្មានផ្លាកលេខ (ជារបស់ជនសង្ស័យបន្សល់នៅកន្លែងកើតហេតុ)។
យោងតាមរបាយការណ៍សមត្ថកិច្ចឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះកំពុងតែជួសជុលម៉ូតូរបស់ខ្លួននៅខាងមុខផ្ទះ(កន្លែងកើតហេតុ) ជាមួយនឹងបងប្អូន។ លុះដល់ម៉ោងកើតហេតុស្រាប់តែឃើញមានជនសង្ស័យបានជិះម៉ូតូម៉ាកយ៉ាម៉ាហាហ្វ្រេស(ចាស់)មកឈប់លើផ្លូវបេតុងខាងមុខផ្ទះជនរងគ្រោះ ហើយបានដើរចូលសំដៅទៅរកជនរងគ្រោះ និងបានដកកាំបិតប៉័ងតោចេញពីចង្កេះខោ កាប់ទៅលើជនរងគ្រោះចំកញ្ចឹងកផ្នែកខាងក្រោយចំនួនពីរកាំបិត ទើបបងប្អូនរបស់ជនរងគ្រោះដែលអង្គុយនៅក្បែរនោះឃើញបានចូលទៅជួយជនរងគ្រោះ ហេីយជនសង្ស័យឃើញបងប្អូនរបស់ជនរងគ្រោះចូលមកច្រើន ក៏ទម្លាក់កាំបិតចុះហើយរត់គេចខ្លួនទៅទិសខាងលិចចូលព្រៃឬស្សីបាត់ទៅ។ ចំពោះជនរងគ្រោះត្រូវបានក្រុមគ្រួសារនិងសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុភ្លាមៗនោះសមត្ថកិច្ចបានទទួលព័ត៌មាននិងបានចុះទៅដល់កន្លែងកើតហេតុដើម្បីស្វែងរកជនសង្ស័យតែរកមិនឃើញសោះ។
-លុះដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៣និង៣០ ទើបកម្លាំងសមត្ថកិច្ចជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្ដិ៍ទួលព្រេជ ប៉ុស្ដិ៍សំរោងលើ ប៉ុស្ដិ៍ម្កាក់ បានចុះទៅដល់ទីតាំងផ្ទះរបស់ជនសង្ស័យនៅភូមិខ្នា ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល ក៏ប្រទះឃើញជនសង្ស័យកំពុងលាក់ខ្លួននៅក្នុងផ្ទះ។ ដោយមានបទបញ្ជាពីថ្នាក់ដឹកនាំ ទើបកម្លាំងជំនាញនិងកម្លាំងប៉ុស្ដិ៍បានឃាត់ខ្លួនជនសង្ស័យដើម្បីសួរនាំតាមនីតិវិធីច្បាប់។
ជនសង្ស័យបានឆ្លើយសារភាពថា៖នៅមុនពេលកើតហេតុប្រហែលប្រាំថ្ងៃមុនជនរងគ្រោះនិងបក្ខពួកបានព្រួតគ្នាវាយមកលើខ្លួនម្ដង។ រហូតដល់ថ្ងៃកើតហេតុទើបខ្លួនបានយកកាំបិតប៉័ងតោសៀតក្នុងចង្កេះខោ ហើយបានជិះម៉ូតូទៅផ្ទះជនរងគ្រោះ ពេលទៅដល់ខ្លួនបានឃើញជនរងគ្រោះកំពុងធ្វើម៉ូតូនៅខាងមុខផ្ទះ ទើបខ្លួនបានដើរទៅក្បែរជនរងគ្រោះហើយដកកាំបិតប៉័ងតោពីចង្កេះខោកាប់ទៅលើជនរងគ្រោះចំនួន០២កាំបិត ដោយពេលនោះឃើញបក្ខពួកជនរងគ្រោះចូលមកជួយច្រើនពេកទើបខ្លួនរត់គេចចូលព្រៃឬស្សីតែម្ដង រហូតដល់ម៉ោងប្រហែលបួនជិតភ្លឺទើបខ្លួនដើរចេញពីព្រៃឬស្សីទៅចូលដេកនៅក្នុងផ្ទះវិញ។
-ចំពោះជនសង្ស័យបានធ្វើតេស្ដរកមេរោគកូវីដ១៩ លទ្ធផលអវិជ្ជមាន(-) ចំពោះការធ្វើតេស្ដទឹកនោមលទ្ធផលមានសារធាតុញៀននៅក្នុងទឹកនោម(+)។
-ចំពោះករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី។