ភ្នំពេញ ៖ លោកព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ លោក សុង ប៊ុណ្ណារិទ្ធ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាស សាលក្រមផ្ដន្ទាទោសអតីតមន្ត្រីក្រសួងកសិកម្មម្នាក់ ដាក់ពន្ធនាគារ កំណត់ ១៨ខែ និងពិន័យជាប្រាក់ ចំនួន២លានរៀល ក្រោមការចោទប្រកាន់ពីបទ «ជេរប្រមាថជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង»។
នេះបើយោងតាមមាត្រា៣០៧, មាត្រា៤៩៤ និង មាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។ សាលក្រមនេះ បើកផ្លូវប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើជនត្រូវចោទមិនសុខចិត្តនឹងសេចក្ដីសម្រេច របស់តុលាការ។
សូមជម្រាបជូនថា បុគ្គលឈ្មោះ នី ណាក់ ដែលតុលាការបានផ្ដន្ទាទោសនៅថ្ងៃនេះ គឺជាសកម្មជនមួយរូប របស់ក្រុមគណបក្សប្រឆាំង តែងបង្កើតនូវព័ត៌មានមិនពិត បំភ្លើស បំភ្លៃ បំពុលសង្គម ក្នុងចេតនាឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ម្ដងហើយម្ដងទៀត ដោយគ្មានភាពរាងចាល។
លោក នី ណាក់ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ហុង សុគុណវឌ្ឍានា សម្រេចកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ដាក់ពន្ធនាគារ តាមការចោទប្រកាន់របស់តំណាងអយ្យការ ពាក់ព័ន្ធនិងបទល្មើស «ជេរប្រមាថជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង»។
លោក នី ណាក់ ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ IMan-KH ដែលកន្លងទៅតែងតែដៀមដាមជេរប្រមាថទៅលើបុគ្គល និងស្ថាប័នរដ្ឋមួយចំនួនជាញឹកញាប់ ហើយចុងក្រោយនេះ គឺបានឌឺដង ឬផ្គើននឹងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការប្រៀបធៀបការពាក់ម៉ាស់ឲ្យសត្វមាន់ នៅក្នុងកសិដ្ឋានរបស់លោក នៅពេលដែលវីរុសកូវីដ១៩ កំពុងយាយីពិភពលោកទាំងមូល។
កន្លងទៅគេចាត់ទុកថា ជាយុវជនមួយរូបដែលមានចំណេះដឹង មានគំនិតពង្រីកសេដ្ឋកិច្ចតាមរយៈកសិកម្ម បង្រៀន។ តែចុងក្រោយយុវជនរូបនេះ ក្លាយជាទំពាំងស្អុយ មានគំនិតទុច្ចរិតបង្កើតឲ្យមានភាពច្របូកច្របល់ក្នុងសង្គម ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋយល់ច្រឡំ បន្ទាប់ពីរូបគេ បានងប់ងល់នឹងនយោបាយបម្រើឲ្យក្រុមកញ្ជះបរទេស៕