ពលរដ្ឋរាប់សិបពាន់នាក់ ក្នុងនោះមាន អ្នកទេសចរ ទៅបោះតង់ក្នុងព្រៃ ត្រូវជម្លៀសខ្លួនចេញពីតំបន់ Var ស្ថិតនៅភាគខាងត្បូងប្រទេសបារាំង ដោយសារតែភ្លើងឆេះព្រៃ។
អ្នកនាំពាក្យក្រុមពន្លត់អគ្គិភ័យ នៅថ្ងៃទី ១៧ខែសីហា បានឲ្យដឹងថា «មានពលរដ្ឋរាប់ពាន់នាក់ ត្រូវបង្ខំជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។ បច្ចុប្បន្ន មិនមានអ្នកស្លាប់ឬរងរបួសនោះឡើយ ។ មានក្រុមពន្លត់អគ្គិភ័យ៧៥០នាក់ខិតខំទប់ស្កាត់ការឆ្លងរាលដាល ខណៈអណ្តាតភ្លើងឆាប់ឆេះកាន់តែខ្លាំង ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បារាំង Gerald Darmanin បានឲ្យដឹងថា យន្តហោះជាច្រើនគ្រឿងបានចូលរួមពន្លត់ភ្លើង ប៉ុន្តែស្ថានភាពអាកាសធាតុមិនអំណោយផល ។
តាមការលើកឡើងរបស់មន្ត្រីក្នុងតំបន់ ភ្លើងឆេះព្រៃ កើតឡើងនៅថ្ងៃទី ១៦ខែសីហា មានចម្ងាយពីទីក្រុង Toulou ប្រមាណ ១០០ គីឡូម៉ែត្រ ។ ដល់ព្រឹកថ្ងៃទី ១៧ខែសីហា អណ្តាតភ្លើងឆាប់ឆេះព្រៃឈឺជាង ៣៥០០ហិតា និងវាលស្មៅជាច្រើនទៀត ។ មន្ត្រីក្នុងតំបន់បានស្នើដល់ពលរដ្ឋកាត់បន្ថយការធ្វើដំណើរដើម្បីបើកផ្លូវដល់ក្រុមពន្លត់អគ្គិភ័យងាយស្រួលទៅគ្រប់គ្រងស្ថានភាព ។
ភាគច្រើនតំបន់ Var តែងតែប្រឈមនឹងអាកាសធាតុក្តៅខ្លាំង ជាច្រើនសប្តាហ៍ជាប់គ្នា ប៉ុន្តែនៅតំបន់ភាគខាងត្បូងប្រទេសបារាំង មិនដែលប្រឈមនឹងភ្លើងឆេះព្រៃទ្រង់ទ្រាយធំម្តងណានោះឡើយ។ មិនត្រឹមតែប្រទេសបារាំងនៅមានប្រទេសជាច្រើនទៀតដូចជា ក្រិច តួកគី អេស្ប៉ាញ ព័រទុយហ្គាល អាហ្សេរី និងម៉ារ៉ុក តែងតែប្រឈមនឹងភ្លើងឆេះព្រៃនារដូវក្តៅ៕