ភ្នំពេញ៖ ក្រុមហ៊ុន Bluebell Group ដែលជាក្រុមហ៊ុនចែកចាយ និងជាប្រតិបត្តិករម៉ាកយីហោ ពហុបណ្ដាញល្បីៗឈានមុខគេមួយរបស់អាស៊ី ប្រកាសអំពីការដាក់ឱ្យដំណើរការនូវប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសកម្ពុជាជាផ្លូវការ ដោយបន្ថែមនូវមជ្ឈមណ្ឌលនៅក្នុងអាស៊ីចំនួនមួយបន្ថែមទៀតទៅ លើបណ្តាញទីផ្សារចំនួនដប់ដែលមានស្រាប់របស់ក្រុមហ៊ុន ។
យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុននៅថ្ងៃទី១៦ សីហា ២០២១នេះ ឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Bluebell Group នឹងធ្វើការងារជាមួយនឹងដៃគូម៉ាកយីហោល្បីៗដែលមានស្រាប់ និងដៃគូថ្មីៗរបស់ខ្លួន ដើម្បីធ្វើប្រតិបត្តិការ និងធ្វើការអភិវឌ្ឍន៍នៅក្នុងស្រុក ។
បើតាមលោក Pierre Balsan នាយកគ្រប់គ្រងក្រុមហ៊ុនប៊្លូប៊ែលខេមបូឌា បានមានប្រសាសន៍ថា នៅក្នុងបរិបទកូវីដ១៩នេះគឺជាកាសរបស់យើងក្នុងការចាប់ផ្ដើមប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាខណៈប្រជាជនកម្ពុជាមិនអាចចេញក្រៅប្រទេសបានដោយសារតែកូវីដ១៩ ដូច្នេះពួកគេអាចរកទំនិញដែលមានម៉ាកយីហោខ្ពស់ជាច្រើននៅក្នុងហាងប៊្លូប៊ែលក្នុងប្រទេសកម្ពុជាបាន។
លោកបន្តថាជាបទពិសោធន៍មួយកន្លងមក កាលពីប្រទេសចិនផ្ទុះជំងឺកូវីដ១៩ដំបូង និងត្រូវហាមប្រាមការធ្វើដំណើរចេញក្រៅប្រទេស ពេលនោះផលិតផលម៉ាកយីហោជាច្រើនបានចូលក្នុងប្រទេសចិន និងមានការគាំទ្រពីប្រជាជនចិនជាច្រើនផងដែរ ។ សម្រាប់ពេលនេះនៅកម្ពុជាក៏ដូចគ្នា គឺពួកគេអាចរកទំនិញម៉ាកយីហោល្បីនៅក្នុងស្រុកដោយមិនចាំបាច់ធ្វើដំណើរទៅក្រៅប្រទេសទៀតឡើយ ។
លោកបន្ថែមថា ការចូលមកក្នុងទីផ្សារប្រទេសកម្ពុជារបស់ប៊្លូប៊ែល នឹងជួយលើកស្ទួយដល់ចំណូលរបស់កម្ពុជា តាមរយៈបង់ពន្ធជូនរដ្ឋត្រឹមត្រូវ និងផ្ដល់ការងារជូនប្រជាពលរដ្ឋកម្ពុជាតាមរយៈជាបុគ្គលិករបស់យើង ហើយយើងនឹងបង្ហាត់បង្ហាញពួកគេពីរបៀបទទួលភ្ញៀវស្របតាមស្តង់ដាររបស់ក្រុមហ៊ុនយើងផងដែរ ។
លោក Allen Dodgson Tan នាយកក្រុមហ៊ុនប៊្លូប៊ែលខេមបូឌា ក៏បានឱ្យដឹងផងដែរថា កត្តាជំរុញឱ្យក្រុមហ៊ុនចូលមកកាន់ទីផ្សារប្រទេសកម្ពុជា ដោយយើងជឿងជាក់លើសេដ្ឋកិច្ចកម្ពុជា និងមូលដ្ឋានគ្រឹះទាំងអស់ដែលធ្វើឱ្យកម្ពុជា មានការចាប់អារម្មណ៍មុនពេលកូវីដ១៩កើតឡើងនៅថ្ងៃនេះ ។ លោកថា៖«កំណើនសេដ្ឋកិច្ចដ៏រឹងមាំនឹងត្រលប់មកប្រទេសកម្ពុជាដោយជំរុញ ឱ្យមានតម្រូវការក្នុងចំណោមវណ្ណ កណ្ដាលដែលកំពុងកើនឡើង» ។
លោកបន្តថា ឧស្សាហកម្មទេសចរណ៍នឹងមានការរីកចម្រើនជាថ្មីដោយការគាំទ្រធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដែលរាជរដ្ឋាភិបាលបានអនុវត្ត ហើយប៊្លូប៊ែលដែលគាំទ្រម៉ាកសកលដែលយើងតំណាងនឹងត្រៀមខ្លួនដើម្បីបម្រើទីផ្សារទាំងនេះ ។
ក្នុងនាមជាក្រុមហ៊ុនឈានមុខគេទៅលើផ្សារទំនើបលក់រាយប្រកួត និងទាន់សម័យអស់រយៈពេលជាង ៦០ឆ្នាំ កន្លងមកនេះ បច្ចុប្បន្នប៊្លូប៊ែលធ្វើប្រតិបត្តិការលើម៉ាកយីហោចំនួន ១៥០ នៅទូទាំងតំបន់អាស៊ី ទាំងក្នុងវិស័យផ្សារទំនើបលក់រាយក្នុងស្រុក និងវិស័យផ្សារទំនើបលក់រាយសម្រាប់ភ្ញៀវទេសចរផងដែរ។
ដោយមាននូវជំនាញវិជ្ជាជីវៈក្នុងប្រទេសដ៏រឹងមាំសម្រាប់ម៉ាកយីហោដែលព្យាយាមចូល ឬពង្រីកវត្តមាននៅក្នុងទីផ្សារធំៗ នានានៃតំបន់អាស៊ី ក្រុមហ៊ុន Bluebell Group ផ្តល់ជូននូវផលិតផលជាច្រើនប្រភេទ រួមបញ្ចូលទាំងគ្រឿងតុបតែង ស្បែកជើង សម្លៀកបំពាក់ គ្រឿងក្រអូប គ្រឿងសម្អាង អាហារឆ្ងាញ់ៗ គ្រឿងអលង្ការ នាឡិកាដៃ វ៉ែនតា និងថ្នាំជក់ជាដើម៕