ភ្នំពេញ៖ មហាជនផ្ទុះការចាប់អារម្មណ៍ និងបានសម្តែងនូវទឹកចិត្តអាណិតអាសូរជាខ្លាំងបន្ទាប់ពីបានឃើញនៅក្នុងបណ្តាញសង្គមនូវលោកយាយម្នាក់ដែលមានវ័យជិត៩០ឆ្នាំទៅហើយ ប៉ុន្តែនៅតែទូលអំបោសលក់ដើម្បីរកបាក់មកចិញ្ចឹមខ្លួន និងព្យាបាលជំងឺរបស់កូនស្រីពៅដែលមានជំងឺប្រចាំកាយក្រោកមិនរួចធ្វើអ្វីមិនកើត ។
លោកយាយខាងលើនេះ មានឈ្មោះ យឹម ឡាត មានអាយុ ៨៨ ឆ្នាំ មានមុខរបរជាអ្នកលក់អំបោស ស្នាក់នៅបន្ទប់ជួយ ជាមួយកូនស្រីពៅដែលកំពុងតែមានជំងឺរ៉ាំរ៉ៃ និងចៅស្រីដែលមានមុខរបរជាកម្មការិនីរោងចក្រ ស្ថិតនៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
លោកយាយតែងតែទូលអំបោសដើរលក់ដោយថ្មើរជើង ហើយមានពេលខ្លះលោកយាយបានជិះម៉ូតូឌុបដើម្បីរកកន្លែងណាដែលមានមនុស្សច្រើនដែលអាចលក់ឆាប់អស់ដោយក្នុងអំបោសមួយលោកយាយចំណេញបាន៥០០រៀល ឬចំនួន២០០០រៀល ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកយាយហាក់មិនសូវដាច់នោះទេ ដែលធ្វើឲ្យលោកយាយជួបនូវបញ្ហាខ្វះខាតជាខ្លាំងដើម្បីដោះស្រាយការហូបចុកប្រចាំថ្ងៃ និងដើម្បីព្យាបាលកូនស្រីពៅដែលមានជំងឺ ៕