សារព័ត៌មាន AP បានផ្សាយថា កាលពីថ្ងៃទី ១១ខែសីហាក្រុមតាលីបង់ បានដណ្តើមគ្រប់គ្រងខេត្តចំនួន៣ទៀត ជួយឲ្យក្រុមតាលីបង់គ្រប់គ្រងបាន ២ភាគ៣នៃទឹកដីអាហ្វហ្គានីស្ថាន ។
ជាមួយគ្នានេះដែរតាមការវាយតម្លៃរបស់ក្រុមចារកម្មអាមេរិក ក្រុមតាលីបង់ នឹងដណ្តើមបានសិទ្ធគ្រប់គ្រងទាំងស្រុងទឹកដីអាហ្វហ្គានីស្ថាន ក្នុងរយៈពេល ៩០ថ្ងៃ ក្រោយអាមេរិកដកទាហានចេញ។
សារព័ត៌មានរ៉យទ័រ បានដកស្រង់សំដី មន្ត្រីការពារជាតិអាមេរិកដែលមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ក្រុមខ្មាន់កាំភ្លើងតាលីបង់ អាចនឹងដណ្តើមបានសិទ្ធគ្រប់គ្រងរដ្ឋធានីកាប៊ុលក្នុងរយៈពេលតែ៣០ ថ្ងៃប៉ុណ្ណោះ ហើយដណ្តើមគ្រប់គ្រងទឹកដីទាំងស្រុង ក្នុងរយៈពេល៩០ថ្ងៃ។ នៅពេលនេះដែលកម្លាំងតាលីបងបានឡោមព័ទ្ធរដ្ឋធានីកាប៊ុល ត្រៀមលក្ខណវាយប្រហារ ក្រោយអាមេរិកដកទាហានចេញនៅចុងខែសីហានេះ។
នេះជាព័ត៌មានថ្មីស្តីពីការវាយតម្លៃរបស់ក្រុមចារកិច្ចអាមេរិក ស្តីពី រដ្ឋធានីកាប៊ុលអាចនឹងត្រូវ ធ្លាក់ចូលក្នុងដៃក្រុមតាលីបង់ ក្នុងពេលឆាប់ៗ ។ ក្រុមតាលីបង់បានបើកការវាយប្រហារ ហើយទទួលបានជោគជ័យនៅគ្រប់សមរភូមិ ។
កាលពីថ្ងៃទី ១០ខែសីហា មន្ត្រីជាន់ខ្ពស់របស់សហគមន៍អឺរ៉ុប បានឲ្យដឹងថា ក្រុមតាលីបង់បានដណ្តើមគ្រប់គ្រង់៦៤%នៃទឹកដីអាហ្វហ្គានីស្ថាន ហើយកំពុងតែពង្រីកការគ្រប់គ្រងបន្ថែមទៀត ។
កាលពីថ្ងៃទី ១០ខែសីហា ប្រធានាធិបតីបៃឌិនបានប្រកាសថា លោកមិនសោកស្តាយពេលដកទាហានចេញពីអាហ្វហ្គានីស្ថាននោះឡើយ ហើយលោកក៏បានប្រាក់ទៅកាន់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន តស៊ូការពារទឹកដីរបស់ខ្លួន (ខ្លួនទីពឹងខ្លួន)៕