ភ្នំពេញ ៖ បុរសដែលជាកម្មកររៀបចំឆាកតន្ត្រីម្នាក់ត្រូវបាននគរបាលចាប់វាយខ្នោះ បន្ទាប់ពីខ្ចីរថយន្តអ្នកស្គាល់គ្នាម៉ាកតូយ៉ូតាមួយគ្រឿងទៅទិញគុយទាវ ហើយជួបគ្រោះថ្នាក់បុករថយន្តម៉ាក ALPHARDមួយគ្រឿងពីក្រោយ ក៏ថយក្រោយប្រុងរត់ តែបានជ្រុលទៅបុករថយន្ត ម៉ាកRANGE ROVERមួយគ្រឿង និងម៉ាកIN FINITI QX56មួយគ្រឿងរងការខូចខាត។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១០និង២៥នាទីព្រឹកថ្ងៃទី១១ សីហា នេះ នៅមុខខុនដូស្តាយទ្រី តាមផ្លូវលេខ១០៥ ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
រថយន្តដែលគ្រោះថ្នាក់នោះ ម៉ាកតូយ៉ូតូតាកូម៉ា២បាំង ពណ៌ឈាមជ្រូកពាក់ស្លាកលេខភ្នំពេញ១AU.២២៥៦ បើកបរដោយឈ្មោះ ពៅ រក្សា ហៅម៉ៅ ភេទប្រុស អាយុ៣៥ឆ្នាំ ជាកម្មកររៀបចំ ឆាកតន្ត្រី ស្នាក់នៅក្បែរកន្លែងកើតហេតុខាលើ ។
ចំណែករថយន្តដែលរងការខូចខាតសុទ្ធស៊េរីទំនើបៗចំនួន៣គ្រឿង ម៉ាកALPHARDមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ២Y.២០៨៨,ម៉ាកRANGE ROVERមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ២BF.៦៦៣៣ និង ម៉ាកIN FINITI QX56ពាក់ស្លាកលេខ ភ្នំពេញ២AA.៨១១៨។
តាមសាក្សីបានអោយដឹងថា នៅមុនពេលកើត គេឃើញរថយន្តបង្កបានធ្វើដំណើរតាមផ្លូវលេខ ១០៥ ក្នុងទិសដៅពីត្បូងទៅជើង។នៅពេល ធ្វើដំណើរ មកដល់កន្លែង ហេតុកើត រថយន្ត បង្កក៍បានជ្រុល ទៅបុក រថយន្តម៉ាកALPHARDពីក្រោយពេញទំហឹង បណ្តាលអោយកំពិតគូថ។ តាមសាក្សី បានអោយដឹងទៀតថាបន្ទាប់ពីគ្រោះថ្នាក់ រថយន្តបង្កបានបើកថយក្រោយទំនងជាប្រុងរត់គេចខ្លួន ក៏បានជ្រុលទៅបុកគូថរថយន្ត ម៉ាកRANGE ROVERបើកឆ្លងកាត់ បណ្តាលអោយបែកស្តុប និងបានជ្រុលទៅបុក ជាមួយរថយន្ត ម៉ាកIN FINITI QX56មួយគ្រឿងបណ្តាលបែកស្តុបរយះថ្ពាល់គៀបជាប់ ។
បន្ទាប់ពីបង្កគ្រោះថ្នាក់ អ្នកបើកបរត្រូវបានសមត្ថកិច្ចាប់វាយខ្នោះ រួចបញ្ជូនទៅកាន់ស្នាក់ការនគរបាលប៉ុស្តិ៍ ។ រថយន្តបង្កនោះ ត្រូវបានគេស្គាល់ថា ជារថយន្តបុគ្គលិកទូរទស្សន៍ហង្សមាស ផ្នែកតន្ត្រីករ ព្រោះនៅក្នុង រថយន្ត មានប័ណ្ណសំគាល់ខ្លួន និងលិខិតបេសកម្ម ។ តាមអ្នកបើកបរបានអោយដឹងថា នៅមុនពេលកើតហេតុខ្លួន ត្រូវបានគេប្រើអោយទៅទិញ គុយទាវ រួចខ្លួន បានខ្ចីរថយន្ត អ្នកស្គាល់គ្នាជិះ ។
ពេលទៅដល់កន្លែងហាងគុយទាវ ភ្លេចយកប្រាក់ក៏បានបើករថយន្ត្រឡប់មកកន្លែងធ្វើការវិញ ដើម្បីយកប្រាក់ស្រាប់ជ្រុលបុកពីក្រោយ រថយន្ត ម៉ាកALPHARD ដែលជាន់ហ្វ្រាំងឈប់ពីមុខ ។ភ្លាមៗ ខ្លួនក៍បានរ៉ឺយ៉ែលថយក្រោយដើម្បីចូលខាងសម្របសម្រួលគ្នា ក៍បានបុករថយន្ត ២គ្រឿងទៀតជាបន្តបន្ទាប់តែម្តង ។ បន្ទាប់ពីគ្រោះថ្នាក់ ម្ចាស់រថយន្ត ម៉ាកRANGE ROVERពុំបានទារសងការខូចខាត ដោយយល់ថា អ្នកបើកបរ គ្មានប្រាក់សងនោះទេ ។ រថយន្ទាំង៣គ្រឿង រួមទាំងអ្នកបើកបររថយន្តបង្កត្រូវបាននគរបាលបញ្ចូន ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន ដើម្បីដោះស្រាយសងការខូចខាត៕