បាងកក៖ ថៃរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីៗរហូតដល់ចំនួន ២១,៣៧៩ករណីបន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយទៀត ។ នេះបើយោងតាមក្រសួងសុខាភិបាលថៃនៅថ្ងៃសុក្រទី០៦ ខែសីហា ឆ្នាំ២០២១នេះ ។
ក្រសួងសុខាភិបាលថៃបានឲ្យដឹងបន្តថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ២០,៨៩៥ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៤៨៤ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ចំណែកអ្នកជំងឺចំនួន១៩១នាក់បន្ថែមទៀតស្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ដែលជាចំនួនករណីស្លាប់ច្រើនបំផុតមិនធ្លាប់មានក្នុងមួយថ្ងៃ និងអ្នកជាសះស្បើយចំនួន២២,១៧២នាក់ផ្សេងទៀតត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ។
សូមជម្រាបថា បើតាមកំណត់ត្រារបស់ប្រទេសថៃរហូតដល់ពេលនេះចំនួនករណីឆ្លងសរុបនៅទូទាំង ប្រទេសថៃមានចំនួន ៧១៤,៦៨៤ករណី ក្នុងនោះមានអ្នកស្លាប់ ៥,៨៥៤នាក់ និងអ្នកជាសះស្បើយឡើងវិញ ៤៩៥,៩០៤នាក់។ ដោយឡែកចំពោះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩បានចំនួន ១៨.២លានដូស ក្នុងនោះប្រជាជន ៣.៩៩លាននាក់ (៥.៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូសដែលបានកំណត់ ៕