សៀមរាប៖ ក្រុមការងារជួសជុល ការដ្ឋានខ្លោងទ្វារតាកាវ បានប្រទះឃើញព្រះសិរសា (ក្បាល) នៃទេវៈ ដែលជាផ្នែកមួយនៃរូបសំណាកកូរសមុទ្រទឹកដោះដោបកប់នៅក្រោមគល់ឈើបន្ទាប់ពីពួកគាត់បានកាប់គាស់គល់ឈើចំណាស់ដ៏ធំមួយដើមដុះសង្កត់ពីលើដែលមើលទៅគួរឲ្យសង្វេគ និងស្រណោះដល់ស្នាដៃបុព្វបុរសខ្មែរពន់ពេកខ្លាំងណាស់ ។
កន្លងមកក្រុមការងារបានរកឃើញក្បាលយក្សចំនួន០៣នៅពេញល្អ ឯក្បាល០៣ទៀតមានត្រឹមតែពាក់កណ្ដាល។ ចំពោះ ដងខ្លួនអសុរៈបានរកឃើញចំនួន០៤។ រីឯព្រះសិរទេវតាបានរកឃើញចំនួន០៣ ក្នុងនោះចំនួន០២នៅពេញល្អ និង០១ទៀតមានត្រឹមពាក់កណ្ដាលស្មាដល់បបូរមាត់ ។ ចំណែកព្រះសិរសារបស់ទេវៈនេះគឺជារកឃើញថ្មីមួយទៀតរបស់អាជ្ញាធរជាតិអប្សរា ។
សូមជម្រាបថា កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ខ្លោងទ្វារតាកាវនេះត្រូវបានធ្វើពិធីក្រុងពាលី បើកការដ្ឋានជួសជុលគោបុរៈខ្លោងទ្វារអង្គរធំ ហៅ ខ្លោងទ្វារតាកាវ ដែលមានសភាពទ្រុឌទ្រោមខ្លាំង ។ ក្លោងទ្វារនេះជាខ្លោងទ្វារមួយ ក្នុងចំណោមខ្លោងទ្វារទាំង៥ នៃក្រុងអង្គរធំ ដែលស្ថិតនៅទិសខាងលិច នៃប្រាសាទបាយ័ន។ ក្លោងទ្វារនេះសង់អំពីថ្មភក់ និងថ្មបាយក្រៀម ដែលមានកំពូលរូបព្រហ្មមុខបួនចំនួន៣ នៅពីលើ កំពូលកណ្ដាលមានកម្ពស់រហូតដល់២៣ម៉ែត្រ។ ចំណែកនៅតាមចំណុចកែងនៃខ្លោងទ្វារនេះមានរូបព្រះឥន្ទគង់លើដំរីក្បាលបី ហើយនៅខាងលិចមានស្ពានហាលដែលមានលម្អដោយរូបទេវតា និងយក្សទាញព្រ័ត្រដែលពាក់ព័ន្ននៃការកូរសមុទ្រទឹកដោះ ដែលជាវគ្គមួយក្នុងរឿងរាមកេរ្តិ៍ ៕