ណានជីង៖ ភាគខាងកើតប្រទេសចិន បានបង្កើនកម្រិតប្រកាសអាសន្នចំពោះគ្រោះទឹកជំនន់ នៅតាមផ្នែកជាច្រើននៃដងទន្លេ និងប្រឡាយ ក្នុងថ្ងៃអង្គារនេះ ខណៈព្យុះទីហ្វុងអ៉ីនហ្វា (In-Fa) កំពុងបក់បោកនៅក្នុងខេត្តនេះ។ នេះបើយោងតាមនាយកដ្ឋានធនធានទឹកខេត្តជាំងស៊ូ (Jiangsu) បានប្រកាសឲ្យដឹងដែលដកស្រង់ផ្សាយដោយ សារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ។
នាយកដ្ឋានធនធានទឹកខេត្ត Jiangsu បានឱ្យដឹងថា ព្យុះទីហ្វុង In-Fa ដែលជាព្យុះទី៦ នៃឆ្នាំ២០២១នេះ បានបោកបក់ទៅដល់ទីក្រុង លីយ៉ាង (Liyang) ខេត្ត ជាំងស៊ូ (Jiangsu) នៅវេលាម៉ោង ០៩៖០០នាទីព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីឆ្លងកាត់ខេត្តស៉ីជាំង (Zhejiang) ដែលនៅក្បែរគ្នា ។ ព្យុះនេះកំពុងធ្វើដំណើរឆ្ពោះទៅកាន់ភាគពាយព្យក្នុងល្បឿនប្រហែល ១០គីឡូម៉ែត្រក្នុងមួយម៉ោង។ បើតាមការព្យាករណ៍ដែលបានចេញផ្សាយនៅវេលាព្រឹកថ្ងៃអង្គារនេះ គេរំពឹងថា នឹងមានភ្លៀងធ្លាក់ខ្លាំង នៅក្នុងទីក្រុងជាច្រើននៃខេត្តនេះ នៅរសៀលនេះ ។
ពាក់ព័ន្ធនឹងភាពអាសន្ននេះដែរ អាជ្ញាធរខេត្ត Jiangsu បានធ្វើការជម្លៀសប្រជាជនចំនួន ៣៣៥,៥២៩នាក់ នៅក្នុងខេត្ត រួចរាល់ហើយ ដើម្បីធានាសុវត្ថិភាពប្រជាជនទុកជាមុន គិតត្រឹមម៉ោង ០៤៖០០ល្ងាច កាលពីថ្ងៃចន្ទម្សិលមិញនេះ ។ ក្នុងខេត្ត Jiangsu គេរកឃើញទូក-កប៉ាល់ចំនួន១៩,០៩១គ្រឿង វិលត្រឡប់មកកាន់កំពង់ផែវិញ ហើយក្រុមហ៊ុនចំនួន៧,៨០២កន្លែង ក៏បានផ្អាកអាជីវកម្មរបស់ពួកគេ ខណៈការដ្ឋានសំណង់ចំនួន២៣,២៤៧ ក៏បានផ្អាកការងារ ហើយទីតាំងមើលទេសភាពចំនួន ៤៧៩កន្លែងបានបិទបណ្តោះអាសន្នសិន ៕