កោះកុង៖ ក្រុមគ្រូពេទ្យខេត្តកោះកុងបានឲ្យដឹងថា ស្ត្រីមា្នក់អាយុ ៤៤ ឆ្នាំបានទទួលទានគ្រឿងស្រវឹងលើសកម្រិតបានបណ្តាលឲ្យទទួលមរណភាពកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីបានបញ្ជូនមកមន្ទីរពេទ្យខេត្ត ដោយមិនមានពាក់ព័ន្ធនឹងជំងឺកូវីដ-១៩នោះទេ ។
ក្រោយពីបានបញ្ជាក់យ៉ាងច្បាស់ពីក្រុមគ្រូពេទ្យក្មេងស្រីម្នាក់ឈ្មោះ អឿន ស៊ីណា អាយុ១៦ឆ្នាំ ដែលត្រូវជាកូនស្ត្រីរងគ្រោះខាងលើនេះបានយកសពម្តាយមកធ្វើបុណ្យវិញយ៉ាងក្រៀមក្រំដែលស្ថិតនៅភូមិ០២ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
បើតាមក្មេងស្រីអឿន ស៊ីណា បានប្រាប់ឲ្យដឹងថា រូបនាងមានបងប្អូនបង្កើតទាំងអស់ចំនួន០៣នាក់ ដោយបងប្រុសរបស់នាងត្រូវបានជាប់ធ្វើចត្តាឡីស័កពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ដោយតេស្តរហ័សឃើញវិជ្ជមាន និងបងប្រុសម្នាក់ទៀតបាត់ដំណឹងមិនដឹងទៅឯងណានោះទេ ទើបរូបនាងទទួលបន្ទុកធ្វើបុណ្យម្តាយតែម្នាក់ឯងបែបនេះ ។
សូមជម្រាបថា ដោយមើលឃើញសភាពប្អូនស្រីនេះកម្សត់ពេក លោក អៀវ កុសល រដ្ឋបាលឃុំបាក់ខ្លង និងលោក អ៊ី ប៉ូច អនុភូមិ០២ បានទទួលភារកិច្ចធ្វើបុណ្យជាមួយប្អូនស្រី និងបានផ្តល់ថវិកាចំនួន៣៥០០០០រៀលដល់ប្អូនស្រី មិនតែប៉ុណ្ណោះលោកបានសន្យាឲ្យមេភូមិអំពាវនាវរកថវិកាយកមកជួយបូជាសពម្តាយរបស់ក្មេងស្រីនេះផងដែរ ៕