ភ្នំពេញ៖ មិញ វ៉ាន់ដា ដែលគេហៅថា កញ្ញា រំដួលលិចទឹក ដែលជាតារាបង្ហាញម៉ូដចូលចិត្តរចនាម៉ូដសម្លៀកបំពាក់ប្លែកៗ ពីរុក្ខជាតិ និងរបស់របរប្រើប្រាស់ផ្សេងៗ ទាក់ទងនឹងសិល្បៈវប្បធម៌ជាតិ ឬការបំផុសចលនាស្រឡាញ់សម្បត្តិវប្បធម៌ជាតិ ក្រោយពីស្ងាត់មួយរយៈស្រាប់តែពេលនេះធ្វើឲ្យមហាជន ភ្ញាក់ផ្អើលដោយឃើញស្ថានភាពឈឺធ្ងន់ រាងកាយស្គមស្គាំង ដេកដួលជាប់នៅនឹងកន្ទេល មើលស្ទើរតែមិនស្គាល់ ខណៈមហាជន និងអ្នកគាំទ្រតារារូបនេះបានសម្ដែងក្ដីអាណិតអាសូរដល់រូបលោកជាខ្លាំង ។
បើតាមគណនីហ្វេសប៊ុកកញ្ញា រំដួលលិចទឹកបានបង្ហោះរូបភាពបង្ហាញពីស្ថានភាពជំងឺ និងសារថ្លែងអំណរគុណដល់សប្បុរសជន សាច់ញាតិ ដែលបានផ្ដល់ថវិកាដល់រូបលោក ក្នុងការព្យាបាលជំងឺបន្តទៀត។ រំដួលលិចទឹក បញ្ជាក់ថា «ឱ! អ្នកម្តាយ និងបងៗជាទីគោរពអើយ! ក្មួយខ្ញុំបាទទទួលបានត្រឹមពាក្យជូនពរ និងសេចក្តីស្រឡាញ់ចូលចិត្ត អំពើអស់លោក ក្មួយ, ខ្ញុំបាទរំភើបណាស់ទៅហើយ..។ អ្នកម្តាយនិងបងប្អូនគ្រប់គ្នានៅបន្ថែមទឹកចិត្ត ចែករំលែកក្តីស្រឡាញ់ដល់រូបខ្ញុំទៀត តើខ្ញុំនិងបានអ្វីមកតបស្នងអ្នកគ្រប់គ្នាវិញទៅ នូវទឹកចិត្តដ៏ល្អមួយនេះ…! ខ្ញុំបាទសូមអរគុណ ចំពោះទឹកចិត្តចែករំលែកក្តីស្រឡាញ់របស់ម៉ាក់មីង នឹងបងប្អូនគ្រប់គ្នា មានចំពោះខ្ញុំ ដែលធ្វើឲ្យខ្ញុំអាចបន្តទៅចាក់ថ្នាំជាថ្មី ដើម្បីបន្តបានការព្យាបាន ជំងឺម្តងទៀត។ សូមគោរពអរគុណដល់គ្រប់គ្នា សំរាប់ទឹកចិត្តដ៏ល្អនេះ!»។
កញ្ញា រំដួលលិចទឹក រៀបរាបបន្ថែមថា «វាជាអារម្មណ៍ដែលខ្ញុំខ្លាចបំផុតក្នុងមួយជីវិត ខ្ញុំជាមនុស្សរឹងមាំទាំងផ្លូវចិត្ត និងការតស៊ូរហូតមក តែពេលនេះខ្ញុំទន់ជ្រាយបំផុត ពេលខ្លួនមកត្រូវធ្វើអ្វីមិនបាន មានសមត្ថភាពនឹងធ្វើ តែពេលនេះ ខ្ញុំមិនទាន់មានកំលាំងធ្វើវាបាន វាពិតជាលើសពីពិបាកទទួលយកអារម្មណ៍បែបនេះ។ ឲ្យតែមានអ្នកដឹងរឿងឆាតមកចង់ជួយ ខ្ញុំពិតជាចង់រត់គេចមិនចង់ជួបហេតុការណ៍ហ្នឹងទេ! ទោះពេលនេះខ្ញុំពិតជាត្រូវការ ការកំលាំងចិត្ត ការចែករំលែកក្តីស្រឡាញ់ទាំងនោះណាស់ ប៉ុន្តែបេះដូងខ្ញុំស្ទើរប្រេះធ្លាយ ជាងទទួលដំណឹងថា ខ្លួនមានជំងឺទៅទៀត..!» ។
បើតាមប្រភពពីអ្នកសិល្បៈដូចគ្នា បានបង្ហើបឲ្យដឹងថា តារាបង្ហាញម៉ូដរូបនេះ មានជំងឺមានជាតិពុលនៅក្នុងឈាម ក្រពះធ្វើទុក្ខខ្លាំង ល្ហិតល្ហៃអស់កម្លាំង ដកដង្ហើមថប់ៗ ហូបអ្វីមិនបាន និងស្រកគីឡូស្រឺតៗតែម្ដង ដែលអាការៈនេះបង្កឲ្យមានការព្រួយបារម្ភជាខ្លាំង ពីសំណាក់ក្រុមគ្រួសារ មិត្តរួមការងារ និងអ្នកដែលស្គាល់រូបលោក។
សូមជម្រាបថា មិញ វ៉ាន់ដា ហៅកញ្ញា រំដួលលិចទឹក ជាអ្នកច្នៃម៉ូតសម្លៀកបំពាក់មួយរូប ដែលទទួលបានការចាប់អារម្មណ៍ច្រើន ពីសំណាក់មហាជន ជាពិសេសស្នាដៃរបស់លោក គឺមានការគាំទ្រខ្លាំង ស្ទើរគ្រប់ឈុតតែម្ដង។ ក្រៅពីច្នៃម៉ូតសម្រាប់ខ្លួនឯងហើយនោះ រំដួលលេចទឹកក៏បានបញ្ចេញស្នាដៃ ច្នៃឈុតតំណាងជាតិ សម្រាប់បវរកញ្ញាកម្ពុជាទៅចូលរួមប្រកួតលើឆាកអន្តរជាតិជាច្រើនរូបរួចមកហើយកាលពីពេលកន្លងមក ៕