ជីវៈចម្រុះជាច្រើនប្រភេទសរុបប្រមាណ ៣៩៩៣ ប្រភេទដែលរួមមានរុក្ខជាតិប្រមាណ ២,៣០០ ប្រភេទ និងប្រភេទសត្វដូចជា ថនិកសត្វ ១២៣ប្រភេទ, សត្វស្លាបប្រមាណ, ៥៤៥ប្រភេទ ឧរង្គសត្វ, ៨៨ប្រភេទ, ត្រី ៨៧៤ប្រភេទ និងថលជលិក ៦៣ប្រភេទ ដែលធ្វើឲ្យពិភពលោកទទួលស្គាល់កម្ពុជាថាជាប្រទេសដែលសម្បូណ៌ដោយជីវៈចម្រុះដ៏សម្បូបែបខណៈពិភពលោកកំពុងប្រឈមនឹងផុតពូជនូវសត្វកម្រមួយចំនួន ។
គេរំពឹងថាចំនួននេះអាចកើនឡើងបន្ថែមទៀតដោយសារតែនៅមានជីវៈចម្រុះជាច្រើនទៀតដែលមិនទាន់បានសិក្សាអស់នៅឡើយ។ ជ្រូកពោនឬជ្រូកព្រុលដែលជាប្រភេទសត្វស្ថិតក្នុងក្រុមមានដោយកម្រស្ថិតក្នុងបញ្ជីក្រហម IUCN ថា ជាប្រភេទងាយរងគ្រោះបន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា ជាមួយ ប្រភេទសត្វកម្រៗផ្សេងទៀតដូចជាសត្វដំរី ខ្ទីង ទន្សោង ឈ្លូសយក្ស ខ្លារខិន ខ្លាពពកជាដើម ដែលត្រូវបានម៉ាស៊ីនថតស្វ័យប្រវត្តិថតបានក្នុងក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ។ ខណៈដែលបច្ចុប្បន្ននេះ ស្ថានភាពនៃការការពារនិង អភិរក្សធនធានធម្មជាតិមានភាពល្អប្រសើរ ព្រៃឈើនិងសត្វព្រៃត្រូវបានការពារ។ សត្វព្រៃកម្រៗ មួយចំនួនបន្តមានវត្តមាន និងខ្លះទៀតមានស្ថេភាព និងខ្លះមានការកើនឡើង និងខ្លះទៀតនៅតែបន្តថយចុះនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ។
បើតាមការសិក្សារបស់អ្នកជំនាញ ជ្រូកពោនមានប្រវែងក្បាល-ដងខ្លួនពី ៦៥០-១០៤០ម.ម ទម្ងន់ពី៧-១៤ គីឡូក្រាម កន្ទុយមានប្រវែងចន្លោះពី ១២០-១៧០ម.ម ជើងក្រោយ ១១៥-១៣៤ម.ម។ វាជាសត្វដែលមានមាឌធំ ជើងធំៗ និងមានក្រចកមាំកោងវែងពណ៌ស ច្រមុះរាងទ្រវែងដូចសត្វជ្រូក។ ជាទូទៅវាមានសម្បុរលឿងខ្ចី ប្រផេះ ឬខ្មៅ ដែលប្រែប្រួលទៅតាមរដូវកាល ផ្នែកលើខ្នងមានពណ៌ក្រម៉ៅជាងផ្នែកខាងក្រោម។ នៅលើក្បាលមានឆ្នូតពណ៌ចេញពីត្រចៀកកាត់តាមភ្នែក្រហូតដល់ចុងច្រមុះ និងមានឆ្នូតខ្មៅនៅសង្ខាងភ្នែកដល់ត្រចៀក បន្ទាប់មកមានឆ្នូតសកាត់តាមថ្ពាល់ផ្នែកខាងលើ។ ទ្រូងនិងត្រចៀកមានពណ៌ស។
លក្ខណៈជីវសាស្ត្រជ្រូកពោនជាសត្វរស់នៅតែនៅលើដី តាមរូង ឬក្រហែងថ្ម និងរកស៊ីនៅពេលយប់។ សត្វជ្រូកពោនមិនសូវពូកែភ្នែក និងត្រចៀកទេ វាប្រើច្រមុះហិតក្លិនច្រើនជាង។ ការរកចំណី ចាប់ផ្តើមចេះនៅពេលព្រលប់ដែលអាហាររបស់វាគឺមើមរុក្ខជាតិ ឬសឈើ ជន្លេន សត្វល្អិត និងសត្វតូចៗ។ វាអាចមានកូនពី ២ ទៅ៣ក្បាល។
ទន្ទឹមនឹងនេះក្រសួងបរិស្ថានបានអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ សូមចូលរួមទាំងអស់គ្នាដើម្បីបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ការប្រើប្រាស់ផលិតផលពីសត្វព្រៃ ការជួញដូរសត្វព្រៃ ដែលសុទ្ធសឹងអាចបង្កហានិភ័យខ្ពស់ដល់សុខភាពមនុស្ស ហើយមកចូលរួមការពារ និងថែរក្សាធនធានធម្មជាតិរបស់កម្ពុជាឲ្យនៅស្ថិតស្ថេរសម្រាប់អនាគតយើង និងកូនចៅយើងទាំងអស់ ៕