ប៉េកាំង៖ ដោយឃើញស្ថានភាពទឹកជំនន់ដ៏អាក្រក់នៅខេត្ត ហឺណាន (Henan) ភាគកណ្តាលនៃប្រទេសចិនបណ្តាលឲ្យប្រជាពលរដ្ឋជាច្រើននាក់បានស្លាប់បាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀតរងគ្រោះបានធ្វើឲ្យរំជួលចិត្តដល់សិល្បករ-សិល្បការិនីល្បីៗរបស់ចិនជាង៦០នាក់បានរួមគ្នាបរិច្ចាគប្រាក់ ចេញពីហោប៉ៅផ្ទាល់ខ្លួនជាបន្តបន្ទាប់ ក្នុងគោលបំណង ដើម្បីចូលរួមផ្តល់ជំនួយបន្ទាន់ ទៅដល់អ្នករងគ្រោះ ដោយសារទឹកជំនន់នៅខេត្ត ហឺណាន (Henan) ភាគកណ្តាលនៃប្រទេសចិន ។ នេះបើយោងតាមសារព័ត៌មាន Global Times ដែលចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ។
ប្រភពខាងលើដដែលនេះបានឲ្យដឹងថា តារាល្បីៗ ដែលបានប្រកាសថា ខ្លួនបានចូលរួមបរិច្ចាគប្រាក់នោះ រួមមាន Ouyang Nana, Nicholas Tse, Wang Yibo, Xiao Zhan , Jackson Yee និងលោក Hunag Zitao ដែលអតីតសមាជិកក្រុមចម្រៀង EXO ជាដើម។ ទឹកប្រាក់ដែលពួកគេបានបរិច្ចាគ ត្រូវបានគេដឹងថា ចាប់ពីចំនួនជាង៣ម៉ឺនដុល្លារឡើងទៅ ។ ចំណែកHunag Zitao ដែលអតីតសមាជិកក្រុមចម្រៀង EXO មិនត្រឹមតែបានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនប្រមាណ ៤៦ម៉ឺនដុល្លារ (៣លាន Yuan) ប៉ុណ្ណោះទេ ថែមទាំងបានផ្ញើសម្លៀកបំពាក់ជាច្រើន ពីហាងលក់សម្លៀកបំពាក់របស់លោក ដល់អ្នកនៅតំបន់រងគ្រោះផងដែរ ។
រហូតដល់ថ្ងៃទី២២ ខែកក្កដា មានសេចក្តីរាយការណ៍ថា ចំនួនអ្នកស្លាប់នៅក្នុងគ្រោះទឹកជំនន់បានកើនដល់ ៣៣នាក់ហើយ នៅក្នុងខេត្ត ហឺណាន (Henan) ភាគកណ្ដាលប្រទេសចិន ហើយក្នុងចំណោមជនរងគ្រោះទាំងនេះមាន ១២នាក់ ស្លាប់ដោយសារទឹកជន់លិចស្ថានីយរថភ្លើងក្រោមដី នៅក្នុងទីក្រុង ចឹងចូវ (Zhengzhou) ៕