ព្រៃវែង៖ បុរសម្នាក់ជាមន្ត្រីយោធាពាក់សក្កិ៣ពេលផឹកស៊ីស្រវឹងជោគជាំខ្លាំងបានទាញកាំភ្លើងបាញ់បង្អួតអ្នកភូមិជិត២០គ្រាប់ ផ្អើលដល់ប្រជាពលរដ្ឋ ខណៈដែលមកលេងស្រុកកំណើតខាងអតីតប្រពន្ធរបស់ខ្លួនកាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងភូមិពាក់ស្បៃ ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង ។
បើតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសដែលដកកាំភ្លើងបាញ់បោះខាងលើឈ្មោះ តាន់ ជីវ័ន្ត ភេទប្រុស អាយុប្រហែល ៥២ឆ្នាំ រស់នៅឯភ្នំពេញ ដោយជិះរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2L -8960 ។ មុនពេលឈានដល់ការបាញ់បោះនេះ គេឃើញឈ្មោះតាន់ ជីវ័ន្ត និងមានបុរស៣នាក់ទៀតនៅឈរក្បែរគ្នា រំពេចនោះ ស្រាប់តែឈ្មោះ ជីវ័ន្ត ដកកាំភ្លើងខ្លីពីចង្កេះបាញ់រះពីក្រោមឡើងលើ បង្កឲ្យភ្ញាក់ផ្អើលភ័យខ្លាចដល់ពលរដ្ឋក្នុងភូមិ ជាពិសេសក្មេងៗដែលទៅឃ្វាលគោក្របី។
ពាក់ព័ន្ធករណីនវលោក ពៅ ជីវី ស្នងការរងនគរបាលខេត្តព្រៃវែងទទួលផែនព្រហ្មទណ្ឌ បានបញ្ជាក់ប្រាប់ថា ចំពោះរឿងរ៉ាវបាញ់បោះនៅស្រុកពារាំងនេះ ទើបតែទទួលបានព័ត៌មានល្ងាចមិញនេះ ហើយបានឲ្យអធិការនគរបាលស្រុកពារាំង ចុះស្រាវជ្រាវជុំវិញករណីនេះហើយដែរ ។ ទន្ទឹមនឹងនេះប្រជាពលរដ្ឋនៅស្រុកពារាំងបានស្នើដល់ស្នងការនគរបាលខេត្តព្រៃវែង ត្រូវមានវិធានការតាមផ្លូវច្បាប់ចំពោះជនបាញ់បោះសេរីនេះផងដើម្បីកុំឲ្យអ្នកផ្សេងធ្វើទង្វើបែបនេះដែលបណ្តាលឲ្យប៉ះពាល់ដល់សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ៕