រ៉ង់ហ្គូន៖ ប្រជាពលរដ្ឋម៉ីយ៉ាន់ម៉ាកំពុងប្រឈមនឹងការគំរាមកំហែងខ្លាំងពីជំងឺកូវីដ-១៩ ដោយក្រុមអ្នកស្ម័គ្រចិត្តបាននិងកំពុងបំពេញប្រតិបត្តិការរបស់ពួកគេចល័តពីផ្ទះមួយទៅផ្ទះមួយ ដើម្បីប្រមូលយកសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ខណៈករណីឆ្លងមានការកើនឡើង យ៉ាងឆាប់រហ័សនៅទូទាំងប្រទេសដោយកាលពីពេលកន្លងទៅថ្មីៗនេះរដ្ឋាភិបាលយោធាបានប្រកាសឲ្យប្រជាពលរដ្ឋនៅក្នុងផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏សាហាវនេះខណៈប្រទេសមួយនេះក៏កំពុងប្រឈមនឹងវិបត្តិនយោបាយធ្ងន់ធ្ងរ ផងដែរ ។
បើតាមស្រី្តម្នាក់ឈ្មោះ Than Than Soe ដែលជាសមាជិកក្រុមអ្នកប្រមូលសាកសពបានឱ្យដឹងថា ជារៀងរាល់ព្រឹក នាងតែងតែទទួលទូរស័ព្ទស្នើសុំជំនួយពីគ្រួសារ ជនរងគ្រោះដែលស្លាប់ដោយសារ COVID-19 នៅក្នុងរដ្ឋធានីរ៉ង់ហ្គូន។ នាង Than Than Soe បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងបានបំពេញការងារដោយគ្មានពេលសម្រាក… ជារៀងរាល់ថ្ងៃ ក្រុមការងាររបស់ខ្ញុំប្រមូលសាកសពមនុស្សចន្លោះពី ៣០-៤០នាក់ ហើយខ្ញុំគិតថា ក្រុមគេដទៃក៏ប្រហែលជាដូចក្រុមរបស់ខ្ញុំដែរ ព្រោះថាពេលខ្លះក្នុងផ្ទះតែមួយមានអ្នកស្លាប់ ០២នាក់ក៏មានដែរ» ។
ពាក់ព័ន្ធបញ្ហានេះសារព័ត៌មានបរទេសមួយចំនួនបានឲ្យដឹងថា បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩សរុបចំនួន ២២៩,៥២១នាក់ ក្នុងនោះស្លាប់ ៥,០០០នាក់ និងជាសះស្បើយឡើងវិញ ១៦១,៨៥៩នាក់។ ចំពោះការចាក់វ៉ាក់សាំងបង្ការជំងឺនេះមីយ៉ាន់ម៉ាទើបសម្រេចបាន ៣.៥លានដូសប៉ុណ្ណោះ ក្នុងនោះប្រជាជន ១.៥៣លាននាក់ (២.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស ។ ចំបោះការឆ្លងយ៉ាងរហ័សនេះអាចបណ្តាលមកពីការធ្វើពិហកា មិនចូលរួមក្នុងការបំពេញកិច្ចការងារ ពីសំណាក់ក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសមីយ៉ាន់ម៉ាមួយចំនួន ។ កាលពីចុងសប្តាហ៍មុននេះមីយ៉ាន់ម៉ាបានរាយការណ៍ពីការរកឃើញ អ្នកឆ្លងជំងឺដ៏សាហាវនេះក្នុងមួយថ្ងៃជាង ៥,៥០០នាក់ ខណៈអ្នកជំនាញអះអាងថាចំនួនជាក់ស្តែងអាចមានច្រើនជាងនេះ ប្រសិនបើការធ្វើតេស្តត្រូវបានធ្វើឡើងគ្រប់ជ្រុងជ្រោយនោះ ៕