ភ្នំពេញ ៖ គ្រឿងញៀនសរុបជិត៨តោន ដែលបង្ក្រាបបាននាពេលកន្លងទៅ ត្រូវបានដុតបំផ្លាញចោល នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងឱកាសរៀបចំទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ពិធីដុតបំផ្លាញគ្រឿងញៀននេះ បានធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាតំណាងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរ ព្រមទាំងមានការចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។ ពិធីដុតបំផ្លាញចោលគ្រឿងញៀននេះ ធ្វើឡើងនៅដីឡូដិ៍១កន្លែង នៅផ្លូវ៦០ម៉ែត្រ នារាជធានីភ្នំពេញ។
របាយការណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា គ្រឿងញៀនដែលត្រូវដុតបំផ្លាញនោះរួមមាន៖ ហេរ៉ូអ៉ីន ២៩១គីឡូក្រាម, អឹមដេអឹមអា (ថ្នាំគ្រវី) ៥គីឡូក្រាម, កញ្ឆា ៨គីឡូក្រាម, កាទីណូន ១០គីឡូក្រាម, មេតំហ្វេតាមីន ៦២៦គីឡូក្រាម, កេតាមីន ៤១គីឡូក្រាម, នីមេតាហ្សេប៉ាម ១៣គីឡូក្រាម, សារធាតុគីមីផ្សំ ២.៥គីឡូក្រាម, សារធាតុគីមី ៨១២គីឡូក្រាម សរុបគ្រឿងញៀនដែលសម្រេចឲ្យបំផ្លាញចំនួន៧តោន៥៥១គីឡូក្រាម៕