បាងកក៖ ថៃបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីៗចំនួន ១០,០៨២ករណីបន្ថែម ខណៈអ្នកជំងឺចំនួន ១៤១នាក់ទៀតក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាចំនួនករណីឆ្លង និងស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃសៅរ៍ទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ ។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ៩,៩៥៥ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ ខណៈ ១២៧ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ជុំវិញបញ្ហានេះ វិធានការរឹតត្បិតរួមទាំងបំរាមគោចរ ត្រូវបានដាក់នៅទីក្រុងបាងកក និងខេត្តជាប់គ្នាចំនួន ០៥ ក្នុងរយៈពេលពីរសប្តាហ៍ គិតចាប់តាំងពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ខណៈរដ្ឋាភិបាលបានព្យាយាមទប់ស្កាត់ ការកើនឡើងនៃចំនួនករណីឆ្លងថ្មីៗ ដែលកំពុងតែកើនឡើងយ៉ាងគំហុកនេះ ។
សូមជម្រាបថា បើគិតត្រឹមថ្ងៃនេះប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុបនៅទូទាំងប្រទេស ៣៩១,៩៨៩ករណី ក្នុងនោះមានអ្នកស្លាប់ ៣,២៤០នាក់ និងអ្នកជាសះស្បើយ ២៧៨,១៨៤នាក់។ សម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩វិញ គិតត្រឹមសប្តាហ៍នេះសម្រេចបាន ១៣.៥លានដូស ដោយក្នុងនោះប្រជាជន ៣.៣៧លាននាក់ (៤.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស ៕