កំពត៖ ក្រុមគ្រួសារសពនិងសាច់ញាតិនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានរៀបចំធ្វើបុណ្យនៅភូមិស្ដេចគង់ ឃុំស្ដេចគង់ខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខ័ន្ធបុរសម្នាក់ដែលស៊ីឈ្នួលធ្វើជាអ្នកនេសាទចុះទូកក្នុងសមុទ្រមិនប្រយ័ត្នបានធ្លាក់ចូលទឹកសមុទ្រលិចបាត់យ៉ាងអាណោចអាធ័ម ។
បើតាមស្ត្រីម្នាក់ឈ្មោះ ម៉េង ទុំ អាយុ ៤១ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះបានជម្រាបឲ្យដឹងថា គ្រួសារគាត់ មានកូនប្រុសៗ ចំនួន ២នាក់ ដោយសារតែមានជីវភាពក្នុងគ្រួសារក្រខ្សត់ពេកទើបបុរសជាប្ដី ឈ្មោះ លឹម វ៉ាន់នី អាយុ ៣៥ឆ្នាំ បានទៅស៊ីឈ្នួល ធ្វើជាអ្នកនេសាទចុះទូកក្នុងសមុទ្រនៅខេត្តព្រះសីហនុ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ ។ ប៉ុន្តែបានទទួលដំណឹងនាយប់ថ្ងៃទី១៤ ខែកក្កដាថា ប្ដីគាត់បានលាមងមិនប្រយ័ត្នបានរអិលជើងធ្លាក់ចូលក្នុងសមុទ្រជម្រៅទឹក២០ ម៉ែត្រ បណ្តាលឲ្យលិចបាត់រកមិនឃើញ ។
ស្ត្រីរូបនេះបានបញ្ជាក់ថា តាំងពីថ្ងៃដែលបាត់ខ្លួននោះមក ថៅកែទូក និងកងម៉ារីន បានជួយរកសពដែរ តែរកមិនឃើញ ក៏ត្រឡប់មកស្រុកកំណើតធ្វើបុណ្យឲ្យប្តី ដោយមានតែរូបថតប៉ុណ្ណោះ។ ទាំងម្ដាយជនរងគ្រោះទាំងប្រពន្ធជនរងគ្រោះ សុំឲ្យអាជ្ញាធរខេត្តព្រះសីហនុ ជួយស្វែងរកសពប្ដី ដែលបានបាត់ខ្លួន នៅក្នុងសមុទ្រនោះដើម្បីឲ្យច្បាស់ក្នុងចិត្តថាបុរសរងគ្រោះពិតជាស្លាប់ប្រាកដមែន ៕