ពោធិ៍សាត់៖ ប្រជាពលរដ្ឋនាំគ្នាឆោឡោភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម បន្ទាប់ពីបានប្រទះឃើញសពបុរសម្នាក់បានស្លាប់អណ្តែតក្នុងទឹកប្រឡាយក្រោយផ្លូវស្ពានដែកកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៦និង៣០នាទីព្រឹក មានករណីមនុស្សស្លាប់ នៅក្នុងទឹកក្រោមស្ពានផ្លូវរថភ្លើង នៅចំណុចស្ពានអូរឬស្សី ស្ថិតនៅក្នុងភូមិក្រពើរោទ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
បើតាមអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា សពជនរងគ្រោះ ឈ្មោះ ចក់ ចិត្ត អាយុ ២៥ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិព្រះពន្លាឃុំរូងជ្រៃ ស្រុកថ្មគោលខេត្តបាត់ដំបង ហើយបានមកស្នាក់នៅជាមួយបងប្រុសបង្កើតឈ្មោះ ចក់ ចាន់ រស់នៅភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
បន្ទាប់ពីការពិនិត្យសាកសពរបស់ក្រុមគ្រូពេទ្យជំនាញ ជាមួយកម្លាំងនគរបាលជំនាញបច្ចេកទេសវិទ្យាសាស្ត្រខេត្ត បានសន្និដ្ឋានថា សពឈ្មោះចក់ ចិត្តអាចស្លាប់ដោយសារប៉ះទង្គិចត្រូវក្បាលនិងវត្ថុរឹង ធ្លាក់ចូលក្នុងទឹកប្រឡាយក្រោមស្ពានរថភ្លើង ហើយបានថប់ដង្ហើមស្លាប់តែម្តងដោយសារមិនមាននរណាម្នាក់បានដឹងជួយស្រង់មកដាក់លើគោក ៕