ឧត្តមានជ័យ៖ សំណាងណាស់លោកតាម្នាក់មានវ័យ៧០ឆ្នាំហើយ មិនត្រឹមតែទទួលបានការចាក់វ៉ាក់សាំងសម្រាប់ការពារជំងឺកូវីដ-១៩តែប៉ុណ្ណោះនោះទេ ថែមទទួលបាននូវទឹកប្រាក់៥លានរៀលបន្ថែមទៀតផងពីសម្តេចតេជោនាយករដ្ឋមន្ត្រី ។ នេះបើយោងតាមហ្វេសប៊ុកផេករបស់សម្តេចតេជោហ៊ុនសែន នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ។
លោកតាវ័យចំណាស់រូបនេះឈ្មោះ ណុប មាន អាយុ៧០ឆ្នាំ ជាកសិកររស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ ដែលរូបគាត់បានទទួលការចាក់វ៉ាក់សាំងលេខរៀងទី៥លាន នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ។
ពាក់ព័ន្ធនឹងការផ្តល់នូវទឹកប្រាក់នេះ លោកជំទាវ ឱ បណ្ឌឌីន ជាមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល និងជាអ្នកទទួលបន្ទុកការងារផ្នែកចាក់វ៉ាក់សាំង នឹងនាំយកថវិកាចំនួន១០លានរៀល និងសម្ភារៈផ្សេងៗទៀតជូនលោកតាដោយផ្ទាល់ ។
បើទោះបីយ៉ាងណាក្តីពាក់ព័ន្ធនឹងការខិត្តខំប្រឹងប្រែងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ដែលចូលរួមចាក់វ៉ាក់សាំងរហូតសម្រេចបាន៥០ភាគរយ នៃចំនួនប្រជាជនដែលនឹងត្រូវចាក់វ៉ាក់សាំងចំនួន១០លាននាក់ ៕