ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគ.វ.ក១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសកាលពីពេលថ្មីៗកន្លងទៅនេះបានលើកឡើងក្នុងបណ្តាញសង្គមថា បើហ៊ានតែឈានហួសបន្ទាត់ក្រហមនោះ យើងនឹងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរជាងពេលនេះ ហើយបើនិយាយឱ្យស្រួលយល់ គឺនឹងមានការរាតត្បាតដែលមិនដឹងក្បាលដឹងកន្ទុយ ដែលស្មើនឹងការរាតត្បាតជាលក្ខណៈទ្រង់ទ្រាយធំ នៅក្នុងសហគមន៍ ដោយមិនដឹងប្រភពចម្លង ករណីមរណភាពក៏នឹងកើនឡើងច្រើនជាង បើនិយាយពីការលំបាកវិញនឹងមានច្រើនជាងនេះរាប់មិនអស់នោះទេ ហើយនឹងបន្តនៅរយៈពេលយូរទៀត ។
ទន្ទឹមនឹងនេះលោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជាលើកឡើងក្នុងបណ្តាញសង្គមដែរថា ស្ថានភាពនៃការឆ្លងរាលដាលវីរុសកូវីដ-១៩ ហាក់ពុំមានធូរស្រាលនៅឡើយ ដោយករណីឆ្លងថ្មី និងមរណភាពថ្មី ប្រចាំសប្តាហ៍ នៅតែបន្តកើនឡើង បើទោះជាកម្ពុជាបាននិងកំពុងពុះពារប្រយុទ្ធនឹងវីរុសកូវីដ-១៩ ក៏ដូចជាពពួកបំប្លែងថ្មី នេះសបញ្ជាក់ឱ្យឃើញថាវិធានការការពារដែលមានស្រាប់ហាក់ពុំគ្រប់គ្រាន់ ដូច្នេះទាមទារឱ្យមានវិធានការថ្មីៗ បន្ថែមទៀត ។
សូមជម្រាបថា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការស្លាប់របស់មនុស្ស ២៣នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។ បើគិតត្រឹមថ្ងៃនេះដែរកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦១,៨៧០នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៥៣,៤៧៧នាក់ និងស្លាប់សរុបចំនួន ៩២៥នាក់ ៕