បាត់ដំបង៖ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរង ផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឬស្សី នៅថ្ងៃទី៧ ខែ កក្កដា ឆ្នាំ ២០២១ បានដឹកនាំធ្វើការនាំខ្លួនបុរសវ័យចំណាស់ម្នាក់ឈ្មោះ បូង ញឹម ភេទប្រុស អាយុ៦៦ឆ្នាំរស់នៅឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលស្រុកធើ្វការសាកសួរ ទាក់ទងនឹងករណីរំលោភសេពសន្ថវៈទៅលើកុមារីជាអនីតិជនដែលជាកូនស្រីរបស់ខ្លួន ។
ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចនគរបាល បានទទួលពាក្យបណ្តឹង ពីស្រ្តីជាម្តាយរបស់កុមារីរងគ្រោះប្តឹងជនសង័្សយខាងលើថាបានចាប់រំលោភកូនស្រីរបស់ខ្លួន ដែលជាអនីតិជនទើបមានអាយុត្រឹមតែ១៥ឆ្នាំប៉ុណ្ណោះ កាលពីថ្ងៃទី៤ ខែកក្កដាឆ្នាំ២០២១ ក្នុងខណៈដែលកូនស្រីរបស់គាត់ ទៅឃ្វាលគោនៅ ចំណុចវាលស្រែក្នុងឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ហើយសកម្មភាពនេះ មិនត្រូវបានដឹងភ្លាមៗទេ ដោយសារជនសង័្សយគំរាមកំហែង មិនឱ្យកូនស្រីគាត់និយាយរហូតដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ទើបដឹង។
នៅចំពោះមុខការសាកសួរ របស់សមត្ថកិច្ចនគរបាល បុរសជាជនសង័្សយខាងលើបានទទួលស្គាល់កំហុស ត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ ពោលគឺបានទទួលស្គាល់ថា រូបគាត់បានធ្វើសកម្មភាព ទៅលើកុមារីនោះមែន តែមិនបានសម្រេច ដល់ទីជម្រៅនោះទេ ដោយសារមានក្មេងៗ ឃ្វាលគោឃើញក៏ស្រាប់តែនាំគ្នាឆោឡោឡើងតែម្តង ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននគរបាលស្រុកមោងឫស្សី កសាងសំណុំរឿង បញ្ជូនមកផែនជំនាញដើម្បីបន្តអនុវត្តតាមនីតិវិធី ៕