ភ្នំពេញ៖ បន្ទាប់ពីមានទំនាស់ក្នុងគ្រួសារបុរសជនជាតិចិនម្នាក់ផ្ទុះកំហឹងបើករថយន្តចេញទាំងកំរោលក្នុងល្បឿនលឿនទៅបុករបងថ្មបុរីសូនីយ៉ាងពេញទំហឹង បណ្តាលអោយបាក់ទាំងផ្ទាំងនិងប៉ើងចេញ ហើយរថយន្តបានផ្ទុះពោងទាំង២និងកំពិតជាប់ទៅមុខលែងរួចកាលពីវេលាម៉ោងប្រមាណ១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១បង្កការភ្ញាក់ផ្អើលនៅបុរីសូនី ក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដែលបើកបុករបងនោះម៉ាកឡិចស៊ិស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២O-៤៧០៥ បើកបរដោយបុរសជាជនជាតិចិនម្នាក់ មិនស្គាល់អត្តសញ្ញាណឡើយ មានលំនៅឋាននៅក្បែរកន្លែងកើតហេតុខាងលើ ។
ពាក់ព័ន្ធនឹងករណីនេះកាលពីវេលាយប់រំលងអាធ្រាត្រ គេឮសូរបុរសជនជាតិចិនរូបនោះមានទំនាស់គ្នាក្នុងគ្រួសារ ផ្អើលទាំងយប់ តែគេពុំដឹងថា មានទំនាស់គ្នារឿងអ្វីឡើយ ។ លុះក្រោយមក បុរសជាប្តីក៏បានបើករថយន្តចេញពីផ្ទះក្នុងទិសដៅពីកើតទៅលិច ដោយល្បឿនលឿនទំនងជាមួម៉ៅ និងកំរោលចូលផងក៍បានជ្រុលទៅបុករបងបុរី ដែលនៅទទឹងផ្លូវយ៉ាងពេញទំហឹងតែម្តង ។ គ្រោះថ្នាក់នោះបណ្តាលអោយរបងបាក់មួយផ្ទាំងធំនិងខ្ទាតចេញ ហើយរថយន្តបានផ្ទុះពោងសុវត្ថិភាពទាំងពីរ និងក្រពិតផ្នែកខាងមុខទៅមុខលែងរួច ។ ភ្លាមៗអ្នកបើកបរ ពុំបណ្តាលឲ្យរងរបួសឡើយក៍បានបើកទ្វារចេញ ដោយទុករថយន្តចោល ។ លុះព្រឹកឡើង ប្រជាពលរដ្ឋក្បែរខាងប្រទះឃើញ ក៏រាយការណ៍ទៅនគរបាលមូលដ្ឋាន ក៍បង្កឲ្យមានការភ្ញាក់ផ្អើលឡើង ។
លុះនៅព្រឹកថ្ងៃទី៨ ខែកក្កនេះ ពេលនគរបាលចរាចរណ៍ខណ្ឌសែនសុខចុះទៅដល់បំរុងស្ទូច រថយន្តនោះយកទៅរក្សាទុកដែរ ស្រាប់តែម្ចាស់ជាជនជាតិចិន និងប្រពន្ធ បានចេញមុខមកសម្របសម្រួល សងការខូចខាតចំនួន៦០០ដុល្លារ ដើម្បីបញ្ចប់រឿងតែម្តង ៕