ហ្សាកាតា៖ ស្ថានភាពនៃជំងឺកូវីដ-១៩នៅប្រទេសឥណ្ឌូនេស៊ីមួយរយៈនេះហាក់មានការកើនឡើងជាលំដាប់មិនមានការថមថយនោះឡើយបើទោះបីរដ្ឋាភិបាល និងអាជ្ញាធរចាត់វិធានការទប់ស្កាត់យ៉ាងណាក្តី ដែលក្នុងរយៈពេលមួយថ្ងៃនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ម្សិលម៉ិញនេះករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ចំនួន២៩,៧៤៥ករណី និងមានអ្នកស្លាប់ថ្មីចំនួន ៥៥៨នាក់ក្នុងរយៈពេល២៤ម៉ោង ។
បើតាមក្រសួងសុខាភិបាលប្រទេសឥណ្ឌូនេស៊ីបានឲ្យដឹងថាស្ថានភាពផ្ទុះឡើងយ៉ាងគំហុកនូវជំងឺកូវីដ-១៩នៅនេះ មានការកើនឡើងក្នុងកំឡុងពេលវិស្សមកាល Eid al-Fitr កាលពីខែមុន ក៏ដូចជាការមកដល់នៃវីរុសបំប្លែងខ្លួនថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា ។ គិតដល់ពេលនេះឥណ្ឌូនេស៊ីមានករណីឆ្លងសរុប ២,៣១៣,៨២៩ករណី ក្នុងនោះស្លាប់ ៦១,១៤០នាក់ និងជាសះស្បើយ ១,៩៤២,៦៩០នាក់ ។
បើតាមរដ្ឋមន្រ្តីសុខាភិបាលឥណ្ឌូណេស៊ី លោកBudi Gunadi Sadikin ធ្លាប់បានបញ្ជាក់កាលពីពេលកន្លងទៅថ្មីៗនេះថា មន្ទីរពេទ្យនិងគ្រែអ្នកជំងឺរៀបចំបន្ថែមទៀតនៅរដ្ឋធានីហ្សាការតាដើម្បីទប់ទល់នឹងការស្ទុះឡើងជាថ្មីនៃករណីឆ្លងជំងឺកូវីដ-១៩ ។ ចំពោះអុកស៊ីហ្សែនគឺមានគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ ប្រជាជនឥណ្ឌូណេស៊ី ។ ជាមួយគ្នានេះមន្ទីរពេទ្យធំៗចំនួន ០៣កន្លែងនៅក្នុងទីក្រុងហ្សាការតាបានប្រែក្លាយទៅជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ ទាំងស្រុង ។ ក្រៅពីនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏កំពុងរៀបចំកន្លែងព្យាបាលបណ្តោះអាសន្នថ្មីៗបន្ថែមទៀតផងដែរ។នៅទូទាំងប្រទេសឥណ្ឌូណេស៊ី មានគ្រែពេទ្យ ៨៥,០០០គ្រែ ដោយមិនទាន់គិតការត្រៀមបន្ថែមគ្រែ និងកន្លែងព្យាបាលថ្មីៗ ក្នុងទីក្រុងហ្សាការតានៅឡើយទេ ៕