ផ្ល័ររីដា៖ អគារខុនដូដែលបានបាក់រលំកន្លងមកនេះ និងនៅសល់មួយផ្នែកធំនោះ ត្រូវបានក្រុមជំនាញបង្កៃគ្រាប់បែក និងបំផ្ទុះចោលជាស្ថាពរហើយ ដែលចំណាត់ការបែបនេះត្រូវបានគេជឿជាក់ថា ជាការត្រួសត្រាយផ្លូវឲ្យក្រុមអ្នកជួយសង្គ្រោះ ងាយចូលទៅស្វែងរកមនុស្ស កំពុងបាត់ខ្លួនរាប់រយនាក់ ។ នេះបើតាមសារព័ត៌មាន Reuters ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ។
ការសម្រេចឲ្យបំផ្ទុះចោលជាស្ថាពរអគារខុនដូកម្ពស់១២ជាន់ ដែលនៅសេសសល់មួយផ្នែកធំស្ថិតនៅជាប់តំបន់ឆ្នេរសមុទ្រ នៃទីក្រុងម៉ៃអាមី (Miami) រដ្ឋផ្ល័ររីដា សហរដ្ឋអាមេរិក បន្ទាប់ពីអគារនេះបានរលំបាក់មួយផ្នែកអស់រយៈពេល ១០ថ្ងៃ បណ្តាលឲ្យមនុស្ស ២៤នាក់ស្លាប់ និង ១២១នាក់ទៀតបាត់ខ្លួន បើគិតត្រឹមយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ (ម៉ោងនៅអាមេរិក) ។
បើទោះបីយ៉ាងណាក្តីក្រុមជំនាញអះអាងថា ការបំផ្ទុះអគារទាំងមូលចោលបែបនេះនឹងអាចជួយឲ្យក្រុមសង្គ្រោះ ចូលទៅកាន់តំបន់ដែលមនុស្សបាត់ខ្លួន បានងាយស្រួលជាងមុន ព្រោះពួកគេនៅតែសង្ឃឹមថា នឹងមានមនុស្សនៅរស់ក្នុងចំណោមមនុស្សជាង១០០នាក់ដែលកំពុងបាត់ខ្លួននោះ ៕