កោះកុង៖ បើតាមការប្រកាសមុននេះបន្តិចនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះលើគណនី Facebook របស់អ្នកនាង ដាលីន ដែលគេស្គាល់ថាជាភរិយារបស់អតីតតារាចម្រៀង មង្គល ទីណា និងជាអាជីវករមួយរូបនៅផ្សារដងទង់ ខេត្តកោះកុង បានប្រកាសថានាងមានវិជ្ជមានកូវីដ-១៩ ខណៈដែលស្វាមីគឺលោក មង្គល ទីណា រកឃើញអវិជ្ជមាន ។
ក្នុងគណនីហ្វេសប៊ុកខាងលើនេះ អ្នកនាង ដាលីន បានធ្វើការ Live វិដេអូមួយដោយបញ្ជាក់ថាតូបនៅក្នុងផ្សារដងទង់របស់នាងត្រូវបានបិទមួយរយៈហើយ ដោយនាងបានចាក់វ៉ាក់សាំងលើកទី១ រួចហើយដូចគ្នា និងរង់ចាំធ្វើការចាក់វ៉ាក់សាំងលើកទី២នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ ប៉ុន្តែអកុសលរូបនាងបានធ្វើតេស្តយកសំណាកថ្ងៃនេះបានរកឃើញថាមានវិជ្ជមានកូវីដ-១៩ ។
សូមជម្រាបថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនេះជំងឺកូវីដ-១៩ អាជីវករផ្សារដងទង់ នៅក្នុងខេត្តកោះកុង បាននាំគ្នាបិទតូបមួយរយៈ ខណៈអ្នកដែលពាក់ព័ន្ធត្រូវបានយកសំណាកស្វែងរកមេរោគកូវីដ-១៩ ដើម្បីឲ្យច្បាស់ថាតើអាជីករណាខ្លះដែលកំពុងផ្ទុកជំងឺដ៏កាចសាហាវនេះ ឬកំពុងប្រឈមមុខនឹងការឆ្លង ៕