ភ្នំពេញ៖ ឪពុកចុងឈ្មោះ សុខ រដ្ឋា អាយុ ២៩ឆ្នាំ ដែលពាក់ព័ន្ធករណីដ៏កក្រើកមួយដោយខ្លួនបានអះអាងថារអិលជើងសង្កត់លើកូនចុងរបស់ខ្លួនបណ្តាលឲ្យស្លាប់ ដោយស្ថិតនៅក្នុងករណីសង្ស័យ ទីបំផុតសមត្ថកិច្ចខណ្ឌមានជ័យ បានបញ្ជូនខ្លួនឪពុកចុងរូបនេះទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះពិនិត្យលើសាកសពជនរងគ្រោះ ឃើញមានស្នាមជាំខ្លួនប្រាណជាច្រើនកន្លែង មិនអាចរអិលជើងដួលសង្កត់ លើដូចការអះអាងរបស់ជនសង្ស័យនោះទេ ។
សូមជម្រាបថា សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ នៅចំណុចក្នុងផ្ទះជួលផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីករណីនេះបានកើតឡើង ដោយស្រ្តីឈ្មោះ ផុន សុខហាក់ អាយុ ២៧ ឆ្នាំ ត្រូវជាម្ដាយបង្កើតរបស់ជនរងគ្រោះឈ្មោះ នន ស្រីនិច អាយុ២ឆ្នាំដែលបានស្លាប់ បានទៅដាក់ពាក្យបណ្ដឹង នៅទីស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ឲ្យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ ចាត់ការតាមផ្លូវច្បាប់ ៕