កាណាដា៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ បានសេចក្តីរាយការណ៍មួយបានឲ្យដឹងថា ថ្មីៗកន្លងទៅនេះភូមិ Lytton នៅខេត្ត British Columbia របស់ប្រទេសកាណាដា ត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅស្ទើរតែបំផ្លាញភូមិនេះទាំងស្រុង ដោយសារតែរាលដាលមកពីភ្លើងឆេះព្រៃដែលត្រូវបានគេសង្ស័យថាអាចបង្កឡើងពីកម្តៅកើនឡើងខ្លាំងពេករហូតដល់៤៩ អង្សារទើបបង្កជាអណ្តាតភ្លើងឆាបឆេះ ។
មន្ត្រីមូលដ្ឋានបានឲ្យដឹងថា អគ្គីភ័យឆេះភូមិ Lytton បានបំផ្លាញហេដ្ឋារចនាសម្ព័នអស់៩០ភាគរយ ។ ជាមួយគ្នានេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង រថយន្តរាប់គ្រឿង រួមទាំងស្ថានីយ៍វារីអគ្គិសនីប្រចាំតំបន់ ក៏ត្រូវបានផ្លាញដោយសារភ្លើងនេះដែរ ។
នៅពេលអណ្តាតភ្លើងឆាបឆេះដល់ភូមិ ភ្លាមៗនោះ អាជ្ញាធរបានជួយជម្លៀសប្រជាពលរដ្ឋប្រមាណ១០០០នាក់ចេញពីលំនៅឋានដើម្បីសុវត្ថិភាព ។ លុះរយៈពេល២៤ម៉ោងក្រោយមកទើបឃើញមានអ្នកពន្លត់អគ្គីភ័យចំនួន៦២នាក់ ដែលត្រូវបានបញ្ជូនមកដើម្បីជួយពន្លតនៅកន្លែងកើតហេតុ ។ ទន្ទឹមនឹងនេះមន្ត្រីក្នុងតំបន់នោះកំពុងធ្វើការស៊ើបអង្កេតលើករណីភ្លើងឆេះភូមិនេះ ៕