ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងដោយបុរសម្នាក់ជិះម៉ូតូបុករថយន្តដឹកខ្សាច់ពីក្រោយបណ្ដាលឲ្យបាក់កស្លាប់ភ្លាមៗ កាលពីវេលាម៉ោង ៩យប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា សពជនងគ្រោះឈ្មោះ កៅ ចម្រើន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមន្ត្រីអង្គរក្សឋានន្តរសក្ដិនាយចំណង់ ស្នាក់នៅផ្ទះជួល ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើតភូមិថ្មី ឃុំសោម ស្រុកគីរីវង់ ខេត្តតាកែវ ជិះម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IO8770 ជាមធ្យោបាយធ្វើដំណើរ ។
ប្រជាពលរដ្ឋអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះខាងលើ ជិះម៉ូតូធ្វើដំណើរតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលទៅបុករថយន្តដឹកខ្សាច់មិនស្គាល់ម៉ាកមួយគ្រឿង ដែលកំពុងធ្វើដំណើរក្នុងទិសដៅស្របគ្នាពីក្រោយពេញទំហឹង បណ្តាលឲ្យម៉ូតូខ្ទេចផ្នែកខាងមុខ និងបណ្តាលឲ្យជនរងគ្រោះបាក់ក បែកក្បាលហូរឈាមស្លាប់អង្គុយលើម៉ូតូយ៉ាងអាណោចអាធម៌តែម្តង ។ ចំណែករថយន្តក្រោយពី កើតហេតុឃើញសភាពបែបនេះបានបើករត់គេចខ្លួនបាត់ស្រមោល ។
ភ្លាមៗនោះសាច់ញាតិ និងប្រពន្ធជនរងគ្រោះគ្រាន់តែឃើញសពប្ដីហើយ ដេកដួលឱបសពប្ដី ស្រែកយំរហូតគាំងម្ដងៗ ។ បន្ទាប់ពីសមត្ថកិច្ចចុះពិនិត្យដល់ទីតាំងយ៉ាងយកចិត្តទុកដាក់ហើយបានធ្វើកំណត់ ហេតុប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះម៉ូតូជនរងគ្រោះ ត្រូវបានរក្សាទុកដើម្បីប្រគល់ឲ្យសាច់ញាតិយកទៅប្រើប្រាស់វិញ៕