បាត់ដំបង៖ បុរសម្នាក់ត្រូវបានគេសង្ស័យថាមកពីឥទ្ធិពលនៃថ្នាំញៀន បណ្តាលឲ្យហ៊ានដុតផ្ទះម្តាយបង្កើតខ្លួនឯងចោលឆេះយ៉ាងសន្ធោសន្ធៅអស់ស្ទើរទាំងស្រុង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៨និង៤០នាទីល្ងាចនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅក្នុងចំណុចក្រុមទី១២ ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍អគ្គិភ័យនេះបណ្តាលឲ្យឆេះផ្ទះ០១ខ្នងស្ទើតែអស់ទាំង ស្រុង ដែលមានទំហំ ៤ម៉ែត្រ និង៥ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងក្តារលាយស័ង្កសី រួមនឹងសម្ភារក្នុងផ្ទះមួយចំនួនទៀត សរុបគិតជាទឹកប្រាក់អស់ប្រហែល ៦លានរៀល ដែលមានម្ចាស់ឈ្មោះ ម៉ិម ប៉ិច ភេទស្រី អាយុ ៥៧ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។
ភ្លាមនោះបន្ទាប់ពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿងក្នុងការអន្តរាគមន៍ដែរ ប៉ុន្តែមិនបានប្រើប្រាស់ទឹកទេ ដោយសារបានកម្លាំងប៉ុស្តិ៍ឃុំជ្រៃយករថយន្តច្នៃដឹកទឹកបាញ់ពន្លត់រូចទៅហើយដោយប្រើប្រាស់ទឹកអស់ចំនួន០៣រថយន្ត ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានចុះសួរនាំទើបដឹងមូលហេតុពិតនៃការឆេះនេះ ដែលបង្កឡើងដោយឈ្មោះ នួន អឿន ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវជាកូនម្ចាស់ផ្ទះ និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនដោយសារបែកថ្នាំបានដុតផ្ទះហើយរួចរត់គេចខ្លួនបាត់ ប៉ុន្តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ ៕