ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ ជួបជុំមិត្តភក្តិផឹកស៊ី នាងបានផឹកស្រាថ្នាំលាយជាមួយភេសជ្ជ: ស្រាប់តែមានអាការមិនស្រួលខ្លួន នាំគ្នាហៅម៉ូតូកង់បីឌុបទៅពេទ្យ ប៉ុន្តែនាងបានដាច់ខ្យល់ស្លាប់នៅលើម៉ូតូកង់បី កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ទើបនាំគ្នាដឹកមកវត្តចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា សពនារីរងគ្រោះខាងលើនេះឈ្មោះ ស្រី លីន អាយុ២០ឆ្នាំ មុខរបរ បម្រើការតាមភោជនីយដ្ឋាន ស្នាក់នៅផ្ទះជួល សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត នៅខេត្តកំពង់ចាម ។
បើតាមនារីម្នាក់ដែលត្រូវជាមិត្តភក្តិជនរងគ្រោះខាងលើនេះបានប្រាប់ថា នៅមុនពេលកើតហេតុ ពួកនាងមានគ្នាចំនួន០៦នាក់ប្រុសម្នាក់ត្រូវជាសង្សារនារីរងគ្រោះ បាននាំគ្នាជួបជុំផឹកស៊ី ។ ចំណែកស្ត្រី០៤នាក់ បាននាំគ្នាផឹកស៊ី ស្រាបៀរកំប៉ុង រីឯជនរងគ្រោះនិងសង្សាររបស់នាង បាននាំគ្នាផឹកស្រាថ្នាំ លាយជាមួយនឹងភេសជ្ជ: ផឹកអស់ចំនួន៦ឈុត ។ លុះពេលផឹកហើយស្រាប់តែនារីរងគ្រោះ បានក្អួតចង្អោទន់ដៃទន់ជើង ដោយឃើញអាការមិនស្រួល ពួកគេជាមិត្តភក្ដិបានហៅម៉ូតូកង់បីឲ្យមកដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យកាល់ម៉ែត្រ គ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់ទៅហើយ ។
ភ្លាមៗនោះមិត្តភក្តិរបស់នារីរងគ្រោះបានទាក់ទងទៅរកសាច់ញាតិនៅខេត្តដោយសាច់ញាតិប្រាបឲ្យម៉ូតូកង់បីដឹកយកទៅដាក់នៅវត្តចាក់អង្រែក្រោមទៅ ដើម្បីធ្វើបុណ្យ ។ ប៉ុន្តែទោះជាយ៉ាងណាក្តីសពនារី រងគ្រោះរងចាំការត្រួតពិនិត្យពីសម្ថកិច្ចជំនាញ និងរងចាំខាងក្រុមគ្រូពេទ្យមកយកសំណាក ដើម្បីឲ្យ ប្រាកដថាជនរងគ្រោះបានស្លាប់ដោយសារករណីអ្វីឲ្យប្រាកដ មុននឹងប្រគល់សពឲ្យក្រុមគ្រួសារ ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕