ម៉ូស្គូ៖ រុស្សីកំពុងទទួលរងនូវឥទ្ធិពលនៃជំងឺកូវីដ-១៩ ដែលបម្លែងខ្លួនថ្មី Delta ដោយក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សចំនួន ៦៧២នាក់ទៀតបានបាត់បង់ជីវិត ដែលនេះជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន នៅក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះ កំពុងរាតត្បាតធ្ងន់ធ្ងរបំផុតនៅក្នុងទីក្រុងម៉ូស្គូ ។ នេះបើយោងតាមសារព័ត៌មាន Reuters ដែលបានចេញផ្សាយនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ។
ពាក់ព័ន្ធនឹងបញ្ហានេះប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន កាលពីពេលថ្មីៗនេះបានចេញសេចក្តីថ្លែងការណ៍មួយ តាមកញ្ចក់ទូរទស្សន៍ ដោយអំពាវនាវឲ្យប្រជាជនរុស្ស៊ី ដែលមិនទាន់ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រញាប់រួសរាន់ទៅទទួលការចាក់វ៉ាក់សាំងការពារ ។ ទន្ទឹមនឹងនេះក្រសួងសុខាភិបាលរុស្ស៊ីបានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងជំងឺកូវីដ-១៩ បម្លែងថ្មី Delta ដែលត្រូវបានរកឃើញថ្មីៗនេះ ៩០% ស្ថិតនៅទីក្រុងម៉ូស្គូ ។
សូមជម្រាបថា រយៈពេលប៉ុន្មានថ្ងៃនៅក្នុងសប្តាហ៍នេះតួលេខអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុង ប្រទេសរុស្សីមិនក្រោមពី៦៥០នាក់នោះឡើយក្នុងរយៈពេលមួយថ្ងៃៗ ដែលនេះជាតួលេខខ្ពស់បំផុត ដែលប្រទេសនេះមិនធ្លាប់ជួបប្រទះកាលពីពេលកន្លងមក ធ្វើឲ្យអាជ្ញារកំពុងតែខ្វល់ ខ្វាយជា ខ្លាំង ។ បើគិតត្រឹមថ្ងៃព្រហស្បតិ៍រុស្ស៊ីមានករណីឆ្លងជំងឺកូវីដ-១៩សរុប ៥,៥៣៨,១៤២ករណី ក្នុងនោះស្លាប់ ១៣៥,៨៨៦នាក់ និងជាសះស្បើយ ៥,០១៧,៣២១៕