ភ្នំពេញ៖ ជនសង្ស័យ០៤នាក់ ក្នុងចំណោមបក្ខពួក០៦នាក់ ដែលជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងធ្វើសកម្មភាព ក្នុងអំពើប្លន់យកម៉ូតូជនរងគ្រោះដោយធាក់ផ្តូលប្លន់បានសម្រេច ខណ:ជនរងគ្រោះជិះម៉ូតូលើផ្លូវជាតិលេខ៥ នៅព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល ត្រូវបាននគរបាលខណ្ឌ ប្ញស្សីកែវបង្រ្កាបបានកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ។
នគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ប្រាប់ឲ្យដឹងថា នៅវេលាម៉ោង ០៣និង៥០នាទីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ជនរងគ្រោះឈ្មោះ ប៉ិច ឧត្តម ភេទប្រុស អាយុ២៧ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនជេអាយធី ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានចេញពីផ្ទះគោលបំណង ទៅធ្វើបុណ្យនៅឯខេត្តកំពង់ឆ្នាំង ពេលជិះមកដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យ០៦នាក់ ជិះម៉ូតូមកពីក្រោយ ពេលមកដល់ក៏បានធ្វើសកម្មភាព ធាក់ម៉ូតូជនរងគ្រោះឲ្យដួល រួចគំរាមវាយជនរងគ្រោះ ដោយបានទុកម៉ូតូចោលរត់យករួចខ្លួន បន្ទាប់មកជនសង្ស័យ បានយកម៉ូតូជនរងគ្រោះជិះត្រលប់ក្រោយ ចូលរាជធានីភ្នំពេញ ។ បន្ទាប់មកកម្លាំងសមត្ថកិច្ច ស្រុកពញ្ញាឭ ខេត្តកណ្តាល ប្តឹងរាយការណ៍មកកម្លាំងនគរបាលខណ្ឌនានា នៅក្នុងរាជធានីភ្នំពេញ ជួយតាមស្ទាក់ចាប់ជនសង្ស័យ ។
នៅពេលក្រុមជនសង្ស័យ បានមកដល់ចំណុច ផ្លូវ១០០៣ ក្រុម៤ សង្កាត់ច្រាំចំរេះទី១ ខណ្ឌឫស្សីកែវ បានជួបនិងកម្លាំង អធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវដឹកនាំបញ្ជាផ្ទាល់ ដោយលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ ធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ព្រមទាំងស្រាវជ្រាវឃាត់ខ្លួន បានបក្ខពួក០២នាក់បន្តទៀត នៅក្នុងបន្ទប់ផ្ទះសំណាក់ ។
ជនសង្ស័យទាំង០៤នាក់ មានឈ្មោះ១/បឿន សុខហាង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងដែកស្នាក់ នៅផ្ទះលេខ៦ ផ្លូវបេតុង ភូមិទួលសង្កែសង្កាត់ទួលសង្កែទី១(មានសារធាតុញៀន) ២/ឈ្មោះ នៅ ពៅ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរគ្មានស្នាក់នៅផ្ទះជួល ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) ឈ្មោះ ឆោម រដ្ឋា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសន្តិសុខឯកជនស្នាក់នៅភូមិ+ឃុំផ្សារសាមគ្គី ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (មានសារធាតុញៀន)និងឈ្មោះ យាន វិរត្ន័ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងដែក ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) ។ ចំណែកវត្ថុតាងដែលដកហូតបានម៉ូតូជនសង្ស័យ០៣គ្រឿង ។
បច្ចុប្បន្នកម្លាំងនគរបាលខណ្ឌ ប្ញស្សីកែវបន្តស្រាវជ្រាវតាមស្វែងរកចាប់ខ្លួន បក្ខពួកជនសង្ស័យដែលគេចខ្លួន ជាមួយនឹងម៉ូតូជនរងគ្រោះ ៕