ភ្នំពេញ ៖ គួរឲ្យអាសូរណាស់ដែលក្មេងស្រីតូចម្នាក់បានស្លាប់ ដោយសារឪពុកចុងដួលសង្កត់ពីលើ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលា២និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវលំ ក្នុងក្រុមទី៧ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្មេងស្រីតូចរងគ្រោះខាងលើនេះឈ្មោះ នាន់ ស្រីនិច អាយុ២ខួប៨ខែ ស្នាក់នៅជាមួយយាយតាបង្កើតនៅចំណុចកើតហេតុខាងលើ ។ ចំណែកបុរសជាឪពុកចុងមានឈ្មោះ សុខ រដ្ឋា អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំៗគ្នា ជាមួយស្ត្រីម្តាយបង្កើតកុមារីរងគ្រោះមានឈ្មោះ នាន់ ស្រីនិច អាយុ២៤ឆ្នាំ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា កាលពីវេលាយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ម្តាយបង្កើតរបស់ក្មេងស្រីតូចខាងលើនេះ និងបុរសជាឪពុកចុង បានទៅយកកូនស្រីពីយាយតាទៅបន្ទប់ជួលរបស់ខ្លួនមួយថ្ងៃព្រោះនឹកកូនដោយសារខានជួបកូនយូរ ។ លុះម៉ោង១រសៀល ថ្ងៃទី៣០ ខែឆ្នាំដដែល បុរសជាឪពុកចុងបានជូនកូនស្រីមកអោយយាយតាវិញ ។ កុមារីរងគ្រោះបានរត់លេងក្បែរបន្ទប់ជួល ហើយបុរសជាឪពុកចុងបានដើរទៅហៅឲ្យត្រឡប់មកបន្ទប់វិញ តែពេលនោះដោយសារតែមិនបានប្រយ័ត្ន បុរសជាឪពុកចុងបានរអិលជើង ហើយដួលពេញមួយជំហរសង្កត់ទៅលើកូនស្រីចុង បណ្តាលឲ្យរងរបួសធ្ងន់ ។ ភ្លាមៗនោះបុរសជាឪពុកចុងបានបីកុមារីរងគ្រោះមកបន្ទប់ជួលរបស់យាយតា ហើយប្រាប់ថា កុមារីរងគ្រោះត្រូវរូបគេដួលសង្កត់ពីលើ ។ ក្រោយមកមិនបានប៉ុន្មានផង កុមារីរងគ្រោះក៏ត្រូវដាច់ដង្ហើមស្លា.ប់តែម្តង ។
ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះធ្វើការឃាត់ខ្លួនបុរសជាឪពុកចុងភ្លាមៗ យកទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យ២ ដើម្បីធ្វើការសាកសួរដំណើររឿងហេតុ ។ ដោយឡែក ចំពោះសាកសពកុមារីរងគ្រោះ កំពុងរង់ចាំក្រុមគ្រូពេទ្យធ្វើតេស្តសំណាករកមេរោគកូវីដ១៩ ជាមុនសិន មុនពេលឈានដល់ការធ្វើកោសល្យវិច្ច័យពិនិត្យឲ្យបានច្បាស់លាស់លើករណីនេះ ។
សូមជម្រាបថា ស្ត្រីជាម្តាយរបស់កុមារីរងគ្រោះបានផ្តាច់ទំនាក់ទំនងប្តីប្រពន្ធតាំងពីកុមារីរងគ្រោះនេះនៅក្នុងផ្ទៃ ។ បន្ទាប់ពីសម្រាលយាយតារបស់កុមារីនេះអ្នកទទួលចិញ្ចឹម ចំណែកស្ត្រីជាម្តាយបានស្នាក់នៅក្នុងបន្ទប់ជួលផ្សេងតែម្នាក់ឯងដោយប្រកបការងាចិញ្ចឹមជីវិតជាកម្មការិនីរោងចក្រ ។ ស្ត្រីរូបនេះទើបបានជួបរួមរស់មេត្រីជាមួយបុរសក្រោយដែលជាឳពុកចុងកុមារីរងគ្រោះនេះប្រមាណ៣ខែតែប៉ុណ្ណោះ ប៉ុន្តែបែជាមានរឿងហេតុនេះកើតឡើងទៅវិញ ៕