ភ្នំពេញ ៖ នារីរូបស្រស់វ័យក្មេង២នាក់បងប្អូនបង្កើតបានបាត់បង់ជីវិតជាបន្តបន្ទាប់ ដោយត្រូវបានគេសង្ស័យថាជាករណីពុលស្រាដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច កាលពីវេលាម៉ោង៣ និង១៥នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២១ ស្ថិតនៅលំនៅដ្ឋានគ្រួសារសព ភូមិសំរោងមានជ័យ សង្កាត់ឃ្មួញខណ្ឌសែនសុខរាជធានីភ្នំពេញ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះដែលស្លាប់ទាំងពីរនាក់នោះរួមមាន ទី១-ឈ្មោះ អ៊ុយ ស្រីម៉ៅអាយុ២១ឆ្នាំ និងទី២-ឈ្មោះ អ៊ុយ ស្រីដា អាយុ១៩ឆ្នាំ នាក់ទាំង២ ជាបងប្អូនបង្កើតនឹងគ្នា ស្នាក់នៅ ភូមិសំរោងមានជ័យ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ អ្នកទាំង២បម្រើការងារ នៅភោជនីយដ្ឋាន អ័រគីដេ សង្កាត់ព្រែកភ្នៅ ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ ។
ពាក់ព័ន្ធករណីនេះម្តាយរបស់នារីរងគ្រោះបានរៀបរាបថា វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ឈ្មោះ អ៊ុយ ស្រីម៉ៅបានជិះម៉ូតូទៅបំពេញការងារ នៅភោជនីដ្ឋាន អ័រគីដេ សង្កាត់ព្រែកភ្នៅ លុះម៉ោង៤ល្ងាចបានត្រឡប់មកវិញដោយប្រាប់ថាអស់កម្លាំងមិនស្រួលក្នុងខ្លួនសោះ ដោយក្អួតរហូត និងឈ្មោះអ៊ុយ ស្រីដា បានជិះកង់បីមកផ្ទះមានសភាពដូចគ្នា ដោយឃើញសភាពបែបនេះទើបបងប្រុសបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ ។
បើទោះបីយ៉ាងណាមុនសង្គ្រោះគ្រូពេទ្យបានធ្វើតេស្តបឋមរកជំងឺកូវី-១៩ ជាលទ្ធផលអវិជ្ជមាន ទើបយកទៅសង្រ្គោះ ដោយគ្រូពេទ្យប្រាប់ថា នារីរងគ្រោះទាំងពីរនេះពុលស្រាស្ថិតក្នុងសភាពធ្ងន់ធ្ងរខ្លាំងពេក ដែលមិនអាចសង្គ្រោះបាន ។ បន្ទាប់មកសពនារីរងគ្រោះទាំងពីរបានយកមកផ្ទះដើម្បី ឲ្យសមត្ថកិច្ច ធ្វើកោសល្យវិច័យ ស្រាវជ្រាវ និងពិនិត្យបន្ថែម មុនធ្វើបុណ្យទៅតាមប្រពៃណី ៕