នៅថ្ងៃទី ២៩ ខែមិថុនានេះ គេសង្កេតឃើញថាម្ចាស់តោ ដែលជាជនជាតិចិន បាននាំសត្វឆ្កែប្រភេទជ្រួញមួយក្បាល ដែលជាមិត្តសម្លាញ់របស់វា និងធំធាត់ជាមួយគ្នា ទៅលេងសត្វតោ ដល់ទីតាំងមជ្ឈមណ្ឌលថែទាំ និង សង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដែលជាកន្លែងសត្វតោកំពុងស្នាក់នៅជាបណ្ដោះអាសន្នមុននឹងព្រលែងចូលទៅព្រៃវិញ ។
ក្នុងនោះផងដែរតាមរយៈវីដេអូ និង រូបភាព ដែលបានបង្ហោះដោយគណនីមួយដែលមានឈ្មោះថា Yu Lai បានបង្ហាញពីសកម្មភាពសត្វឆ្កែ រត់ឆ្លេឆ្លានៅក្រៅទ្រុងម្ខាងម្នាក់ ជ្រួលច្រាលរកគ្នា ហាក់បង្ហាញពីការនឹករលឹកគ្រាដែលធ្លាប់រួមរស់នឹងគ្នាក្រោមដំបូលតែមួយ ។
យ៉ាងណាមិញ ជុំវិញរឿងរ៉ាវនេះ ក្រសួងបរិស្ថាន បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឱ្យចូលរួមថែរក្សា និងអភិរក្សសត្វព្រៃ ដោយកុំព្យាយាមចាប់សត្វកម្រៗមកចិញ្ចឹមនៅតាមផ្ទះ ដែលជាសកម្មភាពខុសច្បាប់ គួរទុកសត្វទាំងនោះឱ្យរស់នៅក្នុងព្រៃធម្មជាតិ ដើម្បីបង្កើនការបន្តពូជ បង្កើនចំនួនប្រភេទសត្វកម្រៗ ៕